Covid-19

វិមានក្រឹមឡាំង៖ លោក ត្រាំ ស្នើបញ្ជូនបរិក្ខារពេទ្យ ប្រឆាំងមេរោគកូរ៉ូណា ឲ្យរុស្ស៊ី

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានស្នើនៅក្នុងអំឡុង កិច្ចសន្ទនាគ្នាតាមទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ដើម្បីបញ្ជូនជំនួយផ្នែក សុខាភិបាលឲ្យដល់ទីក្រុងមូស្គូ ជួយប្រយុទ្ធប្រឆាំងនឹង ការរាតត្បាតនៃជម្ងឺកូរ៉ូណា។

នៅក្នុងការអានស្តីពី កិច្ចសន្ទនាគ្នាតាមទូរស័ព្ទនោះ វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីទាំងពីររូប ក៏បានពិភាក្សាគ្នាផងដែរ ស្តីពីទីផ្សារប្រេងពិភពលោក ដោយបង្ហាញការគាំទ្រចំពោះកិច្ចព្រមព្រៀង ស្តីពីទិន្នផលប្រេងកាលពីខែមុន រវាងអង្គការ OPEC និងប្រទេសផលិតប្រេង មិនមែនសមាជិក OPEC ដែលនោះជារឿងជួយធ្វើឲ្យ មានស្ថិរភាពតម្លៃប្រេង។

គួរបញ្ជាក់ថា ក្រៅពីនេះ នៅក្នុងកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីរុស្ស៊ីនោះ លោក ដូណាល់ ត្រាំ តាមសេចក្តីរាយការណ៍ ក៏បានធ្វើការសង្កត់ធ្ងន់ផងដែរ ស្តីពីបំណងប្រាថ្នារបស់លោក ក្នុងការឲ្យមានកិច្ចព្រមព្រៀង គ្រប់គ្រងអាវុធ ដែលចូលរួមទាំងប្រទេសរុស្ស៊ី និងប្រទេសចិន ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top