បរទេស ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្នុងលិខិតមួយ ផ្ញើជូនមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានមានប្រសាសន៍ប្រាប់ថា ប្រទេសចិនមានឆន្ទៈ ក្នុងការផ្តល់ការគាំទ្រ ដល់ប្រទេសកូរ៉េខាងជើង ក្នុងសមត្ថភាពប្រឆាំង នឹងការរាតត្បាតឆ្លង នៃមេរោគកូរ៉ូណា។
ទូរទស្សន៍រដ្ឋចិន តាមសេចក្តីរាយការណ៍ បានផ្សាយថា លោក ស៊ី ជីនពីង បានថ្លែងថា លោកមានក្តីព្រួយបារម្ភជាខ្លាំង ចំពោះស្ថានភាព នៅក្នុងប្រទេសកូរ៉េខាងជើង និងសុខភាពរបស់ប្រជាជនកូរ៉េខាងជើង និងថា លោករីករាយ ដែលកិច្ចខិតខំប្រឹងប្រែង គ្រប់គ្រងជម្ងឺផ្លូវដង្ហើម របស់ទីក្រុងព្យុងយ៉ាង ទទួលបានលទ្ធផលវិជ្ជមាន។
គួរបញ្ជាក់ថា ប្រទេសចិន គឺជាសម្ពន្ធមិត្តដ៏ចម្បង និងជាដៃគូពាណិជ្ជកម្មដ៏ធំ របស់ប្រទេសកូរ៉េខាងជើង ហើយនៅពេលថ្មីៗនេះ បានបញ្ជូនអ្នកជំនាញ ផ្នែកវេជ្ជសាស្ត្រមួយចំនួន ទៅកាន់ប្រទេសកូរ៉េខាងជើងផងដែរ ក្រោយពីមានពាក្យចចាមអារាមថា លោក គីម ជុងអ៊ុន ទើបទទួលការវះកាត់សរសៃបេះដូងរួច៕
ប្រែសម្រួល៖ប៉ាង កុង
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)