ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីអប់រំថៃ ធ្លាប់បញ្ជាក់ថា គ្រប់សាលារៀនរដ្ឋទាំងអស់ នឹងបើកឡើងវិញ នៅថ្ងៃទី១កក្កដាខាងមុខ

បរទេស៖ រដ្ឋមន្រ្តីក្រសួងអប់រំរបស់ថៃ លោក  Nataphol Teepsuwan កាលកន្លះខែមុនបានបញ្ជាក់ថា ការបើកសាលារដ្ឋទាំងអស់សម្រាប់ឆ្នាំសិក្សាថ្មី នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១ ខែកក្កដាខាងមុខ ទោះបីសិស្សនៅសាលាខ្លះ នៅតែមិនអាចចូលរៀនដោយផ្ទាល់ក៏ដោយ។

យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយកាលពីដើមខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងបន្ទាប់ពីកិច្ចប្រជុំតាមរយៈវីដេអូខុនហ្វ័រិន ជាមួយនាយកប្រតិបត្តិនៃសេវាកម្មអប់រំទូទាំងប្រទេសលោក Nataphol បានថ្លែងថា ក្រសួងបានប៉ាន់ប្រមាណថា នៅថ្ងៃទី ១ ខែកក្កដា ស្ថានភាពនៃមេរោគ Covid-19 ក្នុងប្រទេសថៃ នឹងប្រសើរឡើងដល់ចំណុចដែលសិស្សនៅតំបន់ខ្លះអាចត្រឡប់ទៅសាលារៀនវិញ។

លោកថា «យើងជឿជាក់ថានៅខែកក្កដា សិស្សនៅតាមតំបន់ខ្លះនឹងអាចចូលរៀនបាន ទោះយ៉ាងណាសាលារៀននិងសិស្ស នៅតែត្រូវគោរពតាមគោលការណ៍ណែនាំរបស់ក្រសួង ដូចជាពាក់ម៉ាស លាងដៃឱ្យបានញឹកញាប់ ហើយត្រូវតែឃ្លាតឆ្ងាយពីគ្នារវាងនិស្សិតគ្នា ឬរក្សាគម្លាតសង្គម»។

បើតាមរដ្ឋមន្រ្តីអប់រំថៃ រូបនេះ គឺ សាលារៀននឹងត្រូវបង្កើតស្ថានីយ៍ សម្រាប់ត្រួតពិនិត្យសីតុណ្ហភាពរាងកាយ និងសម្អាតកន្លែងរបស់ពួកគេឱ្យបានញឹកញាប់ ហើយថាវាក៏មានលទ្ធភាពដែលចំនួនសិស្សក្នុងមួយថ្នាក់ នឹងត្រូវបានកាត់បន្ថយ ហើយសកម្មភាពនៅខាងក្រៅមួយចំនួន នឹងត្រូវហាមឃាត់ដើម្បីលុបបំបាត់ ឱកាសនៃការឆ្លងវីរុស៕

ប្រែសម្រួលៈ ណៃ តុលា

To Top