ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងពិចារណាដាក់ពង្រាយ ឡើងវិញនុយក្លេអ៊ែររបស់ខ្លួន ពីអាល្លឺម៉ង់ដល់ប្រទេសប៉ូឡូញ ដែលនៅជិតព្រំដែនរុស្ស៊ី

បរទេស៖ ប្រេសិតអាមេរិកប្រចាំ នៅប្រទេសប៉ូឡូញលោកស្រី Georgette Mosbacher បានលើកឡើងថា រដ្ឋាភិបាលទីក្រុង Warsaw អាចយល់ព្រមធ្វើជាម្ចាស់ផ្ទះ អាវុធនុយក្លេអ៊ែរអាមេរិក នៅអឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ បដិសេធមិនធ្វើដូច្នេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស្រីបានបញ្ជាក់តាមរយៈ បណ្តាញសង្គមធ្វីតទ័រថា « ប្រសិនបើប្រទេសអាល្លឺម៉ង់ ចង់កាត់បន្ថយសក្តានុពល នុយក្លេអ៊ែររបស់ខ្លួន និងធ្វើឱ្យណាតូចុះខ្សោយនោះ ប្រហែលជាប្រទេសប៉ូឡូញ ដែលបំពេញកាតព្វកិច្ច [ហិរញ្ញវត្ថុ] ដោយស្មោះត្រង់យល់ពីហានិភ័យ នៃកងទ័ពផ្នែកខាងកើតរបស់ណាតូ អាចធ្វើជាម្ចាស់ផ្ទះសក្តានុពលនេះ» ។

យ៉ាងណាក៏ដោយ ក្រុមមន្រ្តីប៉ូឡូញមិនទាន់ឆ្លើយតបនឹង សំណូមពររបស់លោកស្រី Mosbacher នៅឡើយទេ។ មុននេះប្រទេស ប៉ូឡូញ មានចិត្តចង់ធ្វើជាម្ចាស់ផ្ទះកងទ័ពអាមេរិក ដោយសន្យាថា នឹងសាងសង់ « Fort Trump» សម្រាប់គោលបំណងនោះហើយ ចំណាយសម្រាប់វាដោយប្រាក់ផ្ទាល់ខ្លួន។ ប្រទេសរុស្ស៊ីដែលតែងតែប្រឆាំងនឹង ការពង្រីកភាគខាងកើតរបស់ណាតូ និងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅជិតព្រំដែនរបស់ខ្លួន នោះ មិនបានធ្វើអត្ថាធិប្បាយជាផ្លូវការណាមួយ ចំពោះការកត់សម្គាល់នេះ នោះទេ។

ការលើកឡើងរបស់លោកស្រី Mosbacher ធ្វើឡើងដើម្បីឆ្លើយតបនឹង សេចក្តីថ្លែងការណ៍របស់ប្រេសិត ទីក្រុងវ៉ាស៊ីនតោនប្រចាំប្រទេសអាល្លឺម៉ង់ និងប្រមុខចារកម្មស្តីទីសហរដ្ឋអាមេរិក គឺលោក Richard Grenell ដែលបានអំពាវនាវដល់ រដ្ឋាភិបាលទីក្រុងប៊ែរឡាំង ឱ្យរក្សាអាវុធនុយក្លេអ៊ែរ របស់អាមេរិកដែលលោកបានចាត់ទុកថា ជាការរារាំងចំពោះការឈ្លានពាន ដែលត្រូវបានចោទប្រកាន់ទៅលើរុស្ស៊ី ចិននិង កូរ៉េខាងជើង។ លោកបានបន្តរិះគន់គំនិតដក នុយក្លេអ៊ែរអាមេរិកចេញ ពីប្រទេសអាល្លឺម៉ង់ គឺជាអ្វីដែលថ្មីៗនេះត្រូវបាន ពិភាក្សាដោយអ្នកនយោបាយអាល្លឺម៉ង់ ដោយនិយាយថា វាជាការក្បត់នៃការប្តេជ្ញាចិត្ត របស់ណាតូនៅប៊ែរឡាំង ៕

ប្រែសម្រួលៈ ណៃ តុលា

To Top