បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃអាទិត្យនេះ បាននិយាយថា វាបានក្លាយជាការយក ចិត្តទុកដាក់របស់លោកថា រដ្ឋាភិបាលចិនបានគម្រាមជ្រៀតជ្រែក ចំពោះការងាររបស់អ្នកកាសែត អាមេរិកក្នុងទីក្រុងហុងកុង និងបាននិយាយថា ការសម្រេចចិត្តណាមួយ ដែលរំលោភស្វយតភាពរបស់ហុងកុង អាចនឹងធ្វើឲ្យប៉ះពាល់ដល់ ការវាយតម្លៃរបស់អាមេរិក ចំពោះស្ថានភាពហុងកុង។
នៅក្នុងសេចក្តថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិករូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “អ្នកសារព័ត៌មានទាំងនេះ គឺជាសមាជិកនៃសេរីភាពសារព័ត៌មាន មិនមែនកម្មាភិបាលឃោសនានោះទេ ហើយការរាយការណ៍ ដ៏មានគុណតម្លៃរបស់ពួកគេ ផ្តល់ជាព័ត៌មានដល់ពលរដ្ឋចិន និងពិភពលោក”។
គួរបញ្ជាក់ថា ប្រទេសអង់គ្លេស បានប្រគល់ទីក្រុងហុងកុងឲ្យប្រទេសចិន នៅក្នុងឆ្នាំ១៩៩៧ ហើយទឹកដីនេះត្រូវបានគេសន្យាថា ផ្តល់ឲ្យនូវស្វយតភាពខ្ពស់បំផុត សម្រាប់រយៈពេល ៥០ឆ្នាំ ដែលបានបង្កើតជាមូលដ្ឋានគ្រឹះ នៃស្ថានភាពទឹកដីពិសេស ក្រោមច្បាប់សហរដ្ឋអាមេរិក ដែលជួយវាឲ្យក្លាយជា មជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក ៕
ប្រែសម្រួល៖ ប៉ាង កុង