សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានបដិសេធការ ចោទប្រកាន់ដែលថា ខ្លួនកំពុងកាន់កាប់ជនជាតិកូរ៉េខាងត្បូង នៅក្នុងប្រទេសនេះ បន្ទាប់ពីបានចាប់ពង្រត់ពួកគេ នៅក្នុងការប្លន់យន្ដហោះក្នុងឆ្នាំ១៩៦៩ នៅក្នុងលិខិតមួយ ដែលចេញផ្សាយកាលពីថ្ងៃច័ន្ទ ដោយទីភ្នាក់ងារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
នៅឆ្នាំ ១៩៦៩ កូរ៉េខាងជើង បានប្លន់យន្តហោះកូរ៉េ មួយគ្រឿងដែលដឹកមនុស្ស ៥០ នាក់ហើយបញ្ជូនវាទៅប្រទេសកុម្មុយនិស្តវិញ។ ក្នុងចំណោមពួកគេ ៣៩ នាក់ត្រូវបានបញ្ជូនត្រឡប់ទៅកូរ៉េខាងត្បូងវិញ រយៈពេល ២ខែក្រោយមក ប៉ុន្តែ ១១ នាក់ផ្សេងទៀតត្រូវបានគេជឿថា នៅតែស្ថិតនៅកូរ៉េខាងជើងនៅឡេីយ។
កូរ៉េខាងជើង បានច្រានចោលការចោទប្រកាន់ អំពីការចាប់ពង្រត់ដោយអះអាងថា អាកាសយានិកបានចុះចាញ់ដោយស្ម័គ្រចិត្ត។
លិខិតពីប្រទេសកូរ៉េខាងជើង ចុះថ្ងៃទី២៤ ខែកុម្ភៈ បានឆ្លើយតបនឹងលិខិតមួយ ដែលការិយាល័យឧត្តមស្នងការទទួលបន្ទុក សិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ បានផ្ញើទៅកូរ៉េខាងជើង នៅដើមខែកុម្ភៈដោយជំរុញឱ្យកូរ៉េខាងជើង ធ្វើមាតុភូមិនិវត្តន៍ជនជាតិកូរ៉េខាងត្បូង ដែលត្រូវបានចាប់ពង្រត់៕
ដោយ ឈូក បូរ៉ា