ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងតួកគី គាំទ្រឲ្យមានបទ ឈប់បាញ់គ្នា នៅលីប៊ី

បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងរដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បានបង្ហាញការគាំទ្រឲ្យមាន បទឈប់បាញ់គ្នាភ្លាមៗ នៅក្នុងអំឡុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទមួយ នាថ្ងៃព្រហស្បតិ៍នេះ នេះបើតាមសេចក្តីថ្លែងការណ៍មួយ ពីក្រសួងការបរទេសរុស្ស៊ី។ 

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍នោះ បាននិយាយថា លោករដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានគាំទ្រដល់ការបន្តដំណើរការនយោបាយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសនៅអាហ្វ្រិកខាងជើងនេះផងដែរ។ 

គួរបញ្ជាក់ថា រដ្ឋមន្ត្រីទាំងពីររូបនេះ បានថ្លែងយ៉ាងដូច្នោះ ក្រោយមួយថ្ងៃបន្ទាប់ពីកងទ័ពជាតិលីប៊ីរបស់មេបញ្ជាការ យោធាភាគខាងកើត លោក Khalifa Haftar បាននិយាយថា ខ្លួនបានដកថយចេញពីតំបន់ សមរភូមិជួរមុខមួយចំនួន នៅទីក្រុងទ្រីប៉ូលី បង្កឲ្យមានការចោទជាសំនួរ អំពីសមត្ថភាពទ្រទ្រង់ប្រតិបត្តិការ វាយលុកមានរយៈពេលជាច្រើនឆ្នាំ ក្នុងគោលបំណងដណ្ដើមយក ទីក្រុងនោះ៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top