បរទេស៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃសៅរ៍នេះ តាមសេចក្តីរាយការណ៍ បានបែរទៅរក ការបើកឡើងវិញ នូវទីតាំងពាណិជ្ជកម្ម សាសនា និងទីតាំងវប្បធម៌នានា ស្របពេលដែលប្រទេសនេះ បន្ធូរបន្ថយការរឹតបន្តឹង ដែលបានដាក់ ដើម្បីទប់ស្កាត់ ការផ្ទុះរាលដាល ឆ្លងនៃមេរោគកូរ៉ូណា។
ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី បានមានប្រសាសន៍ លើកញ្ចក់ទូរទស្សន៍ជាតិ យ៉ាងដូច្នេះថា សារមន្ទីរ និងទីតាំងប្រវត្តិសាស្ត្រនានា នឹងត្រូវបើកទ្វារ ដំណើរការឡើងវិញ នៅថ្ងៃអាទិត្យស្អែកនេះ ឲ្យត្រូវជាមួយនឹង ពិធីអបអរបុណ្យ Eid el-Fitr បញ្ចប់ខែម៉ារ៉ាដាន ដ៏ពិសិដ្ឋរបស់មូស្លីម។
គួរបញ្ជាក់ថា លោកប្រធានាធិបតីអ៊ីរ៉ង់ បានមានប្រសាសន៍ កាលពីសប្ដាហ៍មុនថា កន្លែងធ្វើសក្ការបូជានានា នឹងត្រូវបើកវិញ សម្រាប់រយៈពេល៣ម៉ោង ក្នុងពេលព្រឹក និង៣ម៉ោងក្នុងពេលរសៀល ហើយតំបន់ខ្លះ នៃកន្លែងធ្វើសក្ការបូជា ដូចជាទីមានផ្លូវតូចចង្អៀត នឹងត្រូវបិទដដែល៕
ប្រែសម្រួល៖ប៉ាង កុង