ព័ត៌មានអន្តរជាតិ

យោធាអ៊ីស្រាអ៊ែល និយាយថាអ៊ីរ៉ង់ ចាប់ផ្តើមដកខ្លួនយឺតៗ ពីប្រទេសស៊ីរី

បរទេស៖ នៅថ្ងៃសុក្រនេះយោធាអ៊ីស្រាអែល បាននិយាយថា ប្រទេសអ៊ីរ៉ង់ កំពុងតែដកខ្លួន ចេញពីប្រទេសស៊ីរី បន្តិចម្តង ៗ ដើម្បីឆ្លើយតប នឹងការវាយប្រហារ របស់អ៊ីស្រាអែល ក៏ដូចជាការកើនឡើង នូវការមិនសប្បាយចិត្ត ពីសំណាក់ពលរដ្ ក្នុងស្រុក ជាពិសេសពាក់ព័ន្ធ នឹងបញ្ហាសេដ្ឋកិច្ច និងការគ្រប់គ្រងរបស់ខ្លួន នៃជំងឺរាតត្បាត វីរុសកូវីដ១៩។

គួរឲ្យដឹងដែរថា ប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់ មានប្រវត្តិស្ថិតនៅក្រោម ស្រមោលសង្រ្គាម អស់រយៈពេលជាច្រើនឆ្នាំមកហើយ នៅក្នុងប្រទេសស៊ីរី ហើយមួយរយៈនេះ អ៊ីស្រាអែល បានចោទថាអ៊ីរ៉ង់ កំពុងបង្កើនវត្តមានយោធារបស់ខ្លួន នៅតាមព្រំដែន នៃប្រទេសមួយនេះ។

ក្នុងពេលដែលកំពុង មានភាពវឹកវរនៃសង្គ្រាមស៊ីវិល នៅក្នុងប្រទេសស៊ីរីនោះ ប្រទេសអ៊ីស្រាអែល បានបន្តធ្វើការវាយប្រហារ ម្តងហើយម្តងទៀត ក្នុងគោលបំណងរុញច្រាន កម្លាំងអ៊ីរ៉ង់ និងទប់ស្កាត់ ការបញ្ជូនអាវុធទំនើប ៗ ទៅក្រុមហេសបូឡា ដែលជាក្រុមសកម្មប្រយុទ្ធលីបង់ ដែលគាំទ្រដោយអ៊ីរ៉ង់ កំពុងប្រយុទ្ធយ៉ាងខ្លាំងក្លា នៅក្នុងប្រទេសស៊ីរី៕

ប្រែសម្រួល៖ស៊ុនលី

To Top