បរទេស៖ ការប្រជុំរបស់គណបក្សពលករកូរ៉េ (WPK) ត្រូវបានគេចាត់ទុកថា ជាការបង្ហាញខ្លួនជាសាធារណៈ លើកដំបូងរបស់មេដឹកនាំកូរ៉េខាងជើង បន្ទាប់ពីត្រឡប់មកវិញនៅចុងខែមេសា ក្រោយពីអវត្តមានដ៏យូរ និងមិនអាចពន្យល់បាន ដែលការបាត់ខ្លួននេះ បានបង្កឱ្យមានពាក្យចចាមអារាមថា មេដឹកនាំរូបនេះ ធ្លាក់ខ្លួនឈឺ រឺក៏ស្លាប់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន បានដឹកនាំកិច្ចប្រជុំលើកទី ៤ នៃគណៈកម្មាធិការយោធាកណ្តាលទី ៧ នៃគណបក្សពលករកូរ៉េ ដែលក្នុងនោះ លោកបានពិភាក្សាអំពីការបង្កើន ការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ របស់ប្រទេសនេះ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃអាទិត្យ។
កិច្ចប្រជុំដែលមានការ ចូលរួមពីមន្ត្រីជាន់ខ្ពស់មកពី WPK រួមជាមួយមេបញ្ជាការយោធា និងសន្តិសុខ ក៏បានពិភាក្សាអំពី“ ជំហ៊ានយោធាសំខាន់ៗ និងវិធានការរៀបចំ និងនយោបាយ” ដែលនឹងជួយឱ្យប្រទេសជាតិ“ ទប់ទល់នឹងការគំរាមកំហែងខាងយោធាទាំងតូចទាំងធំ ពីសំណាក់កម្លាំងអរិភាព” ។
KCNA បានផ្សាយថា នៅក្នុងកិច្ចប្រជុំគឺជា គោលនយោបាយថ្មី សម្រាប់បង្កើនការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ របស់ប្រទេស និងដាក់កងកម្លាំងប្រដាប់អាវុធយុទ្ធសាស្រ្ត ឱ្យមានប្រតិបត្តិការ ប្រុងប្រយ័ត្នខ្ពស់ស្របតាមតម្រូវការទូទៅ សម្រាប់ការកសាង និងការអភិវឌ្ឍរបស់ កងកម្លាំងប្រដាប់អាវុធ របស់កូរ៉េខាងជើង៕