ប៉េកាំង៖ នៅថ្ងៃចន្ទ ទី២៥ ខែឧសភា ប្រទេសចិនបានធ្វើការប្រកាសថា ខ្លួននឹងប្រឆាំងទៅនឹងរាល់ការ ដាក់បម្រាមទាំងឡាយ ពីសំណាក់សហរដ្ឋអាមេរិក មកលើក្រុមហ៊ុនអាកាស របស់ខ្លួនទាំងអស់ ។
ការប្រកាសនេះត្រូវបាន គេមើលឃើញថា គឺជាការឆ្លើយតបទៅនឹង របាយការណ៍មួយដែលបញ្ជាក់ថា ក្រសួងទទួលបន្ទុកកិច្ចការងារ ដឹកជញ្ជូនរបស់អាមេរិកបាន ទាមទារឲ្យរាល់ក្រុមហ៊ុន ដឹកជញ្ជូនទាំងអស់របស់ចិន ក្នុងការផ្តល់កាលវិភាគ ធ្វើដំណើរនិងកាលវិភាគ ហោះហើរទាំងអស់ ឲ្យបានមុនថ្ងៃទី២៧ ខែឧសភា។
អ្នកនាំពាក្យនៃ ក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយថា ការរឹតបន្តឹងជើងហោះហើរ ដែលបានដាក់ដោយទីក្រុងប៉េកាំង គឺមានន័យថា រដ្ឋាភិបាលបានផ្តល់ភាពស្មើគ្នា ចំពោះក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ហើយក៏ដោយសារតែកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ហានិភ័យ ដែលបណ្តាលមកពីកូវីដ១៩ផងដែរ។
គួរឲ្យដឹងដែរថា កាលពីថ្ងៃសុក្រកន្លងមក អាមេរិកបានធ្វើការចោទប្រកាន់ រដ្ឋាភិបាលចិនថា បានរារាំងដល់ការដំណើរការឡើងវិញ នូវប្រតិបត្តិការនៃក្រុមហ៊ុន អាកាសចរអាមេរិក នៅក្នុងប្រទេសចិន ៕
ប្រែសម្រួល៖ ស៊ុន លី