បរទេស៖ ក្រុមប្រឆាំង នៅក្នុងប្រទេសថៃ បានទាមទារឱ្យមានការត្រួតពិនិត្យ និងធ្វើឱ្យមានតុល្យភាព លើការខ្ចីប្រាក់របស់រដ្ឋាភិបាលចំនួន ១ ទ្រីលានបាត ដើម្បីយកមកកាត់បន្ថយ ការឆ្លងជំងឺ រលាកផ្លូវដង្ហើមធ្ងន់ធ្ងរ កូវីដ១៩ និងយកមកជំរុញ សេដ្ឋកិច្ចដែល រងផលប៉ះពាល់។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមប្រឆាំងបានសម្តែង ការទាមទារនៅពេលដែលសភា បានពិចារណាលើក្រឹត្យប្រតិបត្តិចំនួន ៣ ដែលរដ្ឋាភិបាលបានចេញ ដើម្បីដោះស្រាយ ការរាតត្បាតនិងជំរុញសេដ្ឋកិច្ច ។
ក្រឹត្យមួយក្នុងចំណោម៣ គឺត្រូវខ្ចីប្រាក់ ១ ទ្រីលានបាត ដើម្បីយកមកគ្រប់គ្រងមេរោគកូវីដ១៩ ជួយប្រជាជន និងប្រតិបត្តិករដែលរងផលប៉ះពាល់ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់។
ក្រឹត្យទី ២ សម្រាប់ធនាគារថៃផ្តល់ ប្រាក់កម្ចីឥតការប្រាក់ ដែលមានតម្លៃ ៥០០ ពាន់លានបាត ដល់អាជីវកម្ម ជាពិសេសសហគ្រាស ធុនតូចនិងមធ្យម។
ក្រឹត្យទី ៣ គឺបង្កើតមូលនិធិ ស្ថេរភាពប័ណ្ណ សាជីវកម្មដែលមានទឹកប្រាក់ ចំនួន ៤០០ ពាន់លានបាត ដើម្បីបង្កើនភាពងាយស្រួល និងស្ថេរភាពទីផ្សារហិរញ្ញវត្ថុ។
អ្នកប្រឆាំងនិងមេដឹកនាំ គណបក្សភឿថៃ លោក Sompong Amornwiwat បាននិយាយថា រដ្ឋាភិបាលបានបរាជ័យក្នុងការដោះស្រាយ ប្រកបដោយប្រសិទ្ធភាព ជាមួយមេរោគកូវីដ និងដោះស្រាយ បញ្ហាសេដ្ឋកិច្ចជាបន្តបន្ទាប់ ហើយការបរាជ័យនោះ បានទាមទារការខ្ចីប្រាក់។
លោកបន្តថា រដ្ឋាភិបាលទើបតែបង្កើតគណៈកម្មាធិការត្រួតពិនិត្យដើម្បី ត្រួតពិនិត្យការចំណាយ ចំណែកឯសមាជិកសភា ត្រូវតាមដានការចំណាយ ដើម្បីការពារអំពើពុករលួយ និងធានានូវផលប្រយោជន៍ ជាអតិបរមា៕
ប្រែសម្រួលៈ ណៃ តុលា