បរទេស៖ ប្រទេសចិន នៅថ្ងៃចន្ទនេះ បានធ្វើការព្រមានថា ខ្លួននឹងចាត់វិធានការប្រឆាំងវិញ ប្រសិនបើសហរដ្ឋអាមេរិក ទទូចធ្វើឲ្យប៉ះពាល់ ដល់ផលប្រយោជន៍ខ្លួន ពាក់ព័ន្ធរឿង ទីក្រុងហុងកុង បន្ទាប់ពីមានការនិយាយ ដ៏ថ្មីបំផុត ពីទីក្រុងវ៉ាស៊ីនតោន ស្តីពីភាពអាចមានទណ្ឌកម្ម ជុំវិញច្បាប់សន្តិសុខជាតិថ្មី សម្រាប់ទីក្រុងហុងកុង។
មន្ត្រីនាំពាក្យ ក្រសួងការបរទេសចិន លោក Zhao Lijian បានប្រាប់អ្នកសារព័ត៌មាន នៅក្នុងអំឡុង សន្និសីទកាសែតមួយថា សហរដ្ឋអាមេរិក កំពុងតែព្យាយាមធ្វើឲ្យ ប៉ះពាល់ដល់សន្តិសុខជាតិ ចិន នេះបើតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។
មន្ត្រីនាំពាក្យ ក្រសួងការបរទេសចិនរូបនោះ បានមានប្រសាសន៍បន្តទៀតថា ទីក្រុងប៉េកាំងដាក់ ការតវ៉ាដ៏ខ្លាំងក្លា ចំពោះទីក្រុងវ៉ាស៊ីនតោន ជុំវិញការថ្លែងរបស់ លោក Robert O’Brien ជាទីប្រឹក្សាសន្តិសុខជាតិ សេតវិមាន ដែលថា ច្បាប់នសន្តិសុខ សម្រាប់ទីក្រុងហុងកុង អាចនឹងនាំឲ្យមានទណ្ឌកម្ម សហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ប៉ាង កុង