ព័ត៌មានអន្តរជាតិ

ប៉ម Tokyo Tower នៅជប៉ុន បើកឡើងវិញ ជាមួយនឹងវិធានការ ការពាររោគរាតត្បាត ក្រោយបិទជិត២ខែ

តូក្យូ៖ ប៉ម Tokyo Tower ដែលជាកន្លែងកម្សាន្ត មើលទេសភាពដ៏សំខាន់មួយ របស់រដ្ឋធានីជប៉ុន បានបើកការសង្កេតរបស់ខ្លួនឡើងវិញ នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានបិទអស់រយៈពេលជិត ២ ខែ ខណៈប្រទេសនេះ ប្រុងប្រយ័ត្នឆ្ពោះទៅរក ភាពប្រក្រតីឡើងវិញបន្ទាប់ពី ការផ្ទុះឡើងនូវវិបត្តិវីរុសកូវីដ១៩។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ប៉ម Tokyo Tower មានកម្ពស់ ៣៣៣ ម៉ែត្រ បានបិទទ្វារនៅថ្ងៃទី ៨ ខែមេសា មួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាល បានប្រកាសអាសន្ននៅក្នុងរដ្ឋធានី ជុំវិញការរីករាលដាលនៃមេរោគ ទោះបីជាហាងខ្លះនៅក្នុងអគារនេះ បានដំណើរការឡើងវិញនៅថ្ងៃទី ១៤ ខែឧសភា ក៏ដោយ។

ប៉មនេះនឹងត្រូវបាន បំភ្លឺតាមពណ៌ផ្សេងៗ ចាប់ពីពេលថ្ងៃលិចរហូត ដល់ពាក់កណ្តាលអធ្រាត្រ ថ្ងៃព្រហស្បតិ៍ដែលជានិមិត្តរូប នៃក្តីសង្ឃឹមសម្រាប់ការរស់ឡើងវិញ នៃអាជីវកម្មកម្សាន្តនៅទីក្រុងតូក្យូ។

ទោះជាយ៉ាងណាក៏ដោយ Tokyo Tower Co. បានដាក់ចេញនូវវិធានការ ដើម្បីការពារការឆ្លង ដែលរួមមានការត្រួតពិនិត្យ សីតុណ្ហភាពសម្រាប់ភ្ញៀវ ការការពារមុខមាត់សម្រាប់បុគ្គលិក និងកំណត់ជំហាននៅលើឥដ្ឋ ដើម្បីឱ្យភ្ញៀវអាចរក្សាគម្លាត របស់ពួកគេពីគ្នាទៅវិញទៅមក ខណៈពេលដែលសង្កេតមើល ទិដ្ឋភាពពីលើកន្លែងសង្កេត ដែលមានចម្ងាយប្រហែល ១៥០ ម៉ែត្រពីលើដី។

អ្នកទស្សនាណាដែល ត្រូវបានគេរកឃើញថា មានសីតុណ្ហភាព ៣៧.៥ អង្សារឬលើសនេះ នឹងមិនត្រូវអនុញ្ញាតឱ្យចូលឡើយ ហើយចំនួនមនុស្សដែលអាចប្រើ ជណ្តើរយន្តនៅពេលតែមួយ នឹងត្រូវបានកំណត់ត្រឹម ៤នាក់ប៉ុណ្ណោះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top