ព័ត៌មានអន្តរជាតិ

ស្ថានទូតអង់គ្លេស​ នៅកូរ៉េខាងជើង ត្រូវបិទបណ្តោះអាសន្ន ខណៈបុគ្គលិកទូតទាំងអស់ ត្រូវចាកចេញពីប្រទេសនេះ

មូស្គូ៖ ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស ប្រចាំនៅកូរ៉េខាងជើងលោក Colin Crooks បាននិយាយ នៅថ្ងៃព្រហស្បតិ៍ថា ស្ថានទូតអង់គ្លេស ប្រចាំនៅកូរ៉េខាងជើង ត្រូវបានបិទជាបណ្តោះអាសន្ន ហើយបុគ្គលិកទាំងអស់ បានចាកចេញពីប្រទេសនេះ ចំពេលមានការរឹតត្បិតទាក់ទង នឹងមេរោគដែលត្រូវបានណែនាំ ដោយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Crooks បានសរសេរនៅលើទំព័របណ្តាញសង្គម Twitter របស់លោកថា “ ស្ថានទូតអង់គ្លេសនៅទីក្រុងព្យុងយ៉ាង បានបិទទ្វារជាបណ្តោះអាសន្ននៅថ្ងៃទី ២៧ ខែឧសភាឆ្នាំ ២០២០ ហើយបុគ្គលិកការទូតទាំងអស់ បានចាកចេញពីកូរ៉េខាងជើង នៅពេលនេះ” ។

នៅថ្ងៃទី ៤ ខែកុម្ភៈ ប្រទេសកូរ៉េខាងជើង បានដាក់កម្រិតលើចលនា របស់បុគ្គលិកនៃបេសកកម្មការទូតបរទេស ចំពេលមានការរីករាលដាល នៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ឬកូវីដ១៩ ។ ដោយចាប់ផ្តើមពីថ្ងៃទី ១៣ ខែកុម្ភៈ អ្នកការទូតបរទេសត្រូវឆ្លងកាត់ ការត្រួតពិនិត្យរយៈពេល ៣០ ថ្ងៃនៅឯប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន បន្ទាប់ពីបានទៅដល់ ប្រទេសកូរ៉េខាងជើង។

សូមជម្រាបថា ប្រទេសកូរ៉េខាងជើង មិនទាន់បានបញ្ជាក់ជាផ្លូវការ អំពីករណីជំងឺឆ្លងវីរុសនេះនៅឡើយទេ ពោលគឺគ្មានអ្នកឆ្លងមេរោគផ្លូវដង្ហើមនេះ សូម្បីតែម្នាក់។

អង្គការសុខភាពពិភពលោក បានប្រកាសពីការផ្ទុះឡើងនៃមេរោគកូវីដ១៩ នៅថ្ងៃទី ១១ ខែមីនា។ យោងតាមផ្ទាំងព័ត៌មានរបស់ អង្គការសុខភាពពិភពលោកបានបង្ហាញថា មកដល់ពេលនេះមានប្រជាជនប្រមាណ ៥.៥ លាននាក់បានឆ្លងវីរុសនេះ ហើយនៅទូទាំងពិភពលោក ដោយមានអ្នកស្លាប់ជិត ៣៥០.០០០ នាក់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top