ព័ត៌មានអន្តរជាតិ

អង់គ្លេស ជំរុញចិន ឲ្យពិចារណាឡើងវិញ ពីច្បាប់ហុងកុង

បរទេស៖ មន្ត្រីនាំពាក្យមួយរូបរបស់ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានថ្លែងនៅថ្ងៃសុក្រនេះថា ប្រទេសអង់គ្លេស នាពេលថ្មីៗនេះ ទើបបានជំរុញប្រទេសចិន ឲ្យពិចារណាឡើងវិញនូវ ការដាក់ច្បាប់សន្តិសុខថ្មី លើទីក្រុងហុងកុង ហើយសង្ឃឹមថា ទីក្រុងប៉េកាំងនឹងស្តាប់។

តាមសេចក្តីរាយការណ៍ មន្ត្រីនាំពាក្យរូបនោះ បាននិយាយយ៉ាងដូច្នេះថា “យើងទើបបានជំរុញប្រទេសចិន ឲ្យពិចារណាឡើងវិញ ស្តីពីការអនុវត្តច្បាប់នេះ និងរក្សាទំនួលខុសត្រូវរបស់ខ្លួន ក្នុងនាមជាសមាជិកនាំមុខ នៃសហគមន៍អន្តរជាតិ”។

“យើងសង្ឃឹមថា ពួកគេនឹងស្តាប់ដោយយកចិត្តទុកដាក់ ចំពោះអ្វីដែលយើងបាន លើកឡើងទាំងនៅទីសាធារណៈ ទាំងក្នុងលក្ខណៈជាឯកជន ស្តីពីឥទ្ធិពលដែលសំណើ របស់ទីក្រុងប៉េកាំង នឹងមានឡើងលើទីក្រុងហុងកុង”។

គួរបញ្ជាក់ថា កាលមុននោះ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយប្រាប់អ្នកសារព័ត៌មានថា ប្រទេសចិនជំទាស់ដាច់ខាត ចំពោះសេចក្តីថ្លែងការណ៍ មួយពីប្រទេសអង់គ្លេស សហរដ្ឋអាមេរិក អូស្ត្រាលីនិងប្រទេសកាណាដា និងបានបន្ថែមថា ចិនបានធ្វើការតវ៉ាចំពោះប្រទេសទាំង ៤នោះហើយ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top