ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ថា ក្រុមអ្នកតវ៉ាជាច្រើន នៅក្រុងញ៉ូវយ៉ក បានបន្តធ្វើការតវ៉ា ទៅលើរឿងមរណភាព របស់លោក George Floyd ដែលមានពលរដ្ឋ រាប់រយនាក់ បាននាំគ្នាដើរបង្ហែរ តាមដងវីថី នៅក្រុង Manhattan កាលពីថ្ងៃសុក្រ ដើម្បីសម្តែងពីការខឹងសម្បារ ទៅលើប៉ូលិស ដែលបានធ្វើអំពើឃោរឃៅ និងប្រកាន់ជាតិសាសន៍និយម ។
កាលពីរសៀលថ្ងៃសុក្រ នៅឯ Lower Manhattan គេឃើញពលរដ្ឋ ប្រមាណជាង២០០នាក់ បាននាំគ្នាធ្វើព្យុហយាត្រា ទៅកាន់ទីលាន Foley Square ក្នុងសភាពសន្តិភាព ពេញលេញ ហើយមានការចាប់ខ្លួន មនុស្សចំនួន ដែលគេបានគិតថា ជាអ្នកបង្កឲ្យមានបាតុកម្មនេះឡើង ។
ភាគច្រើន នៃអ្នកតវ៉ាទាំងនោះ មានពាក់ម៉ាស់មុខ ដែលតម្រូវឲ្យពាក់ការពារ នៅគ្រាដែលកូវីដ១៩ កំពុងឆ្លងរាតត្បាត ។ ពួកគេបានលើករូប និងលើកពាក្យស្លោក ក្នុងនោះមានរូបលោក Floyd ដែលបាននិយាយជាចុងក្រោយថា “ខ្ញុំមិនអាចដកដង្ហើមបានទេ” ។
លោក Floyd មានវ័យ៤៦ឆ្នាំ ជាបុរសស្បែកខ្មៅ ហើយត្រូវបានមន្ត្រីប៉ូលិស ដែលមានស្បែកស បានចាប់ខ្លួនរូបគាត់ និងបានគ្រៀកផ្ទប់ នឹងដី ដោយយកជង្គង់សង្កត់ក របស់គាត់ រយៈពេល៨នាទី កាលពីល្ងាចថ្ងៃចន្ទ នៅក្រុង Minneapolis នៅរដ្ឋ Minnesota ។ ក្រោយមកលោក Floyd បានបាត់បង់ស្មារតី និងក្រោយមកទៀត បានស្លាប់នៅក្នុងមន្ទីរឃុំឃាំង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា