ព័ត៌មានអន្តរជាតិ

បាតុករជាង ១.០០០នាក់ ត្រូវប៉ូលិសអាមេរិកចាប់ខ្លួន ជុំវិញការតវ៉ានៃការស្លាប់ របស់បុរសស្បែកខ្មៅ ដែលប៉ូលីសសង្កត់ក

បរទេស៖ ក្រុមបាតុករ នៅទូទាំងសហរដ្ឋអាមេរិក បានធ្វើការតវ៉ា ប្រឆាំងនឹងភាពសាហាវឃោរឃៅ និងការរើសអើងជាតិសាសន៍ របស់ប៉ូលិស ចាប់តាំងពីថ្ងៃទី ២៥ ខែឧសភា នៅពេលដែលលោក George Floyd ជាបុរសជនជាតិអាមេរិកាំង ដើមកំណើតអាហ្រ្វិក អាយុ ៤៦ ឆ្នាំបានស្លាប់ នៅក្នុងដៃ របស់មន្រ្តីប៉ូលិសស្បែកស ម្នាក់នៅក្នុងទីក្រុង Minneapolis ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា មនុស្សជាងមួយពាន់នាក់ ត្រូវបានឃុំខ្លួន នៅសហរដ្ឋអាមេរិក ក្នុងអំឡុងកុបកម្ម ដែលបង្កឡើង ដោយមរណភាព របស់លោក George Floyd ដែលជាជនជាតិអាមេរិកកាត់អាហ្វ្រិក ដែលគ្មានអាវុធបានស្លាប់ កាលពីសប្តាហ៍មុន នៅក្នុងការឃុំឃាំង របស់ប៉ូលិសក្រុង Minneapolis រួមមានទាំងអ្នកតវ៉ា ៤០០ នាក់នៅ Los Angeles, ២៤០ នាក់នៅឈីកាហ្គោ, ៣៥០ នាក់ នៅទីក្រុងញូយ៉ក និងមនុស្សជាង ១០០ នាក់នៅទីក្រុង Philadelphia។ នេះបើយោងតាមអាជ្ញាធរ។ បើតាមរបាយការណ៍វិញ គឺបានឱ្យដឹងថា កុបកម្មនេះ ក៏បានធ្វើឱ្យមនុស្សរាប់រយនាក់ រងរបួសផងដែរ។

កុបកម្ម បានកើតឡើង៧ យប់ជាប់ៗគ្នា នៅក្នុងទីក្រុងនានា របស់សហរដ្ឋអាមេរិកកំពុងបន្ត ក្រោយពីការតវ៉ាទូទាំងប្រទេស ជុំវិញការស្លាប់របស់ Floyd បន្ទាប់ពីការចាប់ខ្លួនលោក ដោយប៉ូលិសបួននាក់ នៅទីក្រុង Minneapolis បានចាប់ផ្តើម កាលពីសប្តាហ៍មុន។

ខ្សែវីដេអូបានបង្ហាញ ពីប៉ូលិសស្បែកសម្នាក់ ឈ្មោះ Derek Chauvin បានកៀបកករ Floyd ទៅនឹងដីដោយប្រើជង្គង់ សង្កើតលើកញ្ចឹងក របស់គាត់ជិត ៨ នាទី។ Floyd បានអង្វរសុំខ្យល់ដកដង្ហើម រហូតតែគ្មានការអើពើ។ បុរសស្បែកខ្មៅរូបនេះ បានស្លាប់នៅមន្ទីរពេទ្យក្នុងតំបន់ ក្រោយហេតុការណ៍នោះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top