Covid-19

ធនាគារកណ្ដាលអឺរ៉ុប បន្ថែមប្រាក់ជាង ៦០០ពាន់លានដុល្លារ ក្នុងជំនួយវីរុសកូរ៉ូណា

បរទេស៖ ធនាគារកណ្ដាលអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ខ្លួននឹងបន្ថែមប្រាក់ចំនួន ៦៧២ពាន់លានដុល្លារ ឲ្យដល់កម្មវិធីទិញក្នុងគ្រាអាសន្ន មានគ្រោះជម្ងឺរាតត្បាត ដើម្បីជួយរក្សាស្ថិរភាពសេដ្ឋកិច្ច របស់ប្រទេសជាសមាជិក នៅក្នុងអំឡុងវិបត្តិមេរោគកូរ៉ូណា។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា ធនាគារកណ្ដាលអឺរ៉ុបនោះ បាននិយាយប្រាប់ថា មូលនិធិថ្មីនេះ នឹងបង្កើនការប្តេជ្ញាសរុបរបស់ ធនាគារកណ្ដាលអឺរ៉ូបចំពោះកម្មវិធីនោះ ឲ្យមានចំនួនដល់ទៅ ១,៥ពាន់ពាន់លានដុល្លារ ហើយចំនួនការទិញសុទ្ធក្រោមកម្មវិធីនេះ នឹងបន្តរហូតដល់ខែមិថុនា ឆ្នាំ២០២១។

គួរបញ្ជាក់ថា ការប្រកាសថ្មីនាថ្ងៃព្រហស្បតិ៍នោះ តាមសេចក្តីរាយការណ៍ គឺបានជួយកាត់បន្ថយចំនួន ប្រាក់កម្ចីនៅអឺរ៉ុប ហើយប្រាក់អឺរ៉ូកំពុងតែកើនតម្លៃ ០,២៥ភាគរយ លើប្រាក់ដុល្លារអាមេរិក ភ្លាមៗនេះបន្ទាប់ពីមានការសម្រេចចិត្ត បែបនេះពីធនាគារកណ្ដាលអឺរ៉ុបនោះ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top