ព័ត៌មានអន្តរជាតិ

ចិនព្រមាន មិនឲ្យធ្វើដំណើរ ទៅអូស្ត្រាលី ដោយលើកឡើង ពីការរើសអើង

បរទេស៖ ក្រសួងវប្បធម៌ និងទេសចរណ៍ របស់ប្រទេសចិន នៅថ្ងៃសុក្រសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានណែនាំសាធារណជន ឲ្យជៀសវាងការធ្វើដំណើរ ទៅប្រទេសអូស្ត្រាលី ដោយលើកឡើង ពីការរើសអើងពូជសាសន៍ និងអំពើហិង្សា ប្រឆាំងជនជាតិចិន ពាក់ព័ន្ធនឹងការរាតត្បាត ឆ្លងមេរោគកូវីដ។

នៅក្នុងសេចក្តី ថ្លែងការណ៍មួយ ក្រសួងចិនបាននិយាយប្រាប់ដូច្នេះថា “នាពេលថ្មីៗនេះ មានការកើនឡើង ដ៏គួរឲ្យខ្លាចក្នុងទង្វើ រើសអើងពូជសាសន៍ និងអំពើហិង្សាប្រឆាំង ជនជាតិចិននិងអាស៊ី នៅក្នុងប្រទេសអូស្ត្រាលី ដោយសារតែឥទ្ធិពល នៃការរាតត្បាតឆ្លង នៃមេរោគកូវីដ១៩”។ ប៉ុន្តែក្រសួងមិនបាន ផ្តល់ឧទាហរណ៍ជាក់លាក់ ស្តីពីការរើសអើងឬអំពើហិង្សានោះទេ។

គួរបញ្ជាក់ថា ជនជាតិអាស៊ី ដែលមានសាវតាខុសៗគ្នា បាននិយាយប្រាប់ថា នាពេលថ្មីៗនេះ ពួកគេបានរងការយារយី ចាប់តាំងពីមានការផ្ទុះ រាតត្បាតនៃមេរោគកូរ៉ូណា ដែលរួមទាំងនៅសហរដ្ឋអាមេរិកផង។ ប្រទេសចិនបានចេញ សេចក្តីព្រមានចំពោះ អ្នកទេសចរមិនឲ្យធ្វើដំណើរទៅទីនោះ កាលពីដើមឆ្នាំនេះ ក្រោយអ្នកខ្លះនិយាយថា ពួកគេរងការធ្វើបាប ពាក់ព័ន្ធទៅនឹងការផ្ទុះឆ្លងមេរោគថ្មី៕

ប្រែសម្រួល៖ប៉ាង កុង

To Top