បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ប្រទេសកូរ៉េខាងជើង បាននិយាយថា មន្ត្រីការទូតជាន់ខ្ពស់ របស់ប្រទេសកូរ៉េខាងជើង បាននិយាយប្រាប់ថា ទីក្រុងព្យុងយ៉ាងគាំទ្រ រដ្ឋាភិបាលចិន ស្តីពីបញ្ហាហុងកុង នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០។
ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋ របស់ទីក្រុងព្យុងយ៉ាង ឈ្មោះ KCNA បានរាយការណ៍ នៅថ្ងៃសុក្រថា រដ្ឋមន្ត្រីការបរទេស កូរ៉េខាងជើង លោក រី សុនក្វាន់ បានបង្ហាញនូវការគាំទ្រចំពោះ គោលនយោបាយ របស់ប្រទេសចិន ប្រាប់ដល់ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេសកូរ៉េខាងជើង គឺលោក លី ជីនជុន ហើយនៅក្នុងអំឡុង ជំនួបគ្នានៅសាកប្រជុំ Mansudae ក្នុងទីក្រុងព្យុងយ៉ាង នោះ លោក រី សុនក្វាន់ បាននិយាយប្រាប់លោក លី ជីនជុនថា បញ្ហាហុងកុងគឺជាកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន។
ក្រោយមកទៀត រដ្ឋមន្ត្រីការបរទេស កូរ៉េខាងជើងរូបនោះ បាននិយាយប្រាប់ថា ការជ្រៀតជ្រែក របស់កងកម្លាំងខាងក្រៅ លើបញ្ហាហុងកុង គឺជាការរំលោភបំពាន ដោយហិង្សាមួយ ចំពោះអធិបតេយ្យភាព របស់ប្រទេសចិន និងច្បាប់អន្តរជាតិ។
“យើង (កូរ៉េខាងជើង) គាំទ្រយ៉ាងសកម្ម ចំពោះគោលជំហររបស់គណបក្សកុម្មុយនិស្ត និងរដ្ឋាភិបាលចិន និងសិទ្ធិរបស់ពួកគេ ក្នុងកិច្ចការការពារ អធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដី របស់ខ្លួន”៕
ប្រែសម្រួល៖ប៉ាង កុង