បរទេស៖ ជាមួយនឹងភាពតានតឹង កំពុងបន្តពុះកញ្ជ្រោល រវាងប្រទេសចិន និងបណ្តាលោកខាងលិច ជុំវិញបញ្ហាសន្តិសុខ និងសេដ្ឋកិច្ច ចុងក្រោយក៏មាន ការសម្រេចចិត្ត បង្កើនការប្រឈមមុខដាក់គ្នា ដល់កម្រិតថ្មីមួយ។ ក្រុមសមាជិកសភាចម្រុះ មកពី ៨ ប្រទេសបានផ្តួចផ្តើមសម្ព័ន្ធភាព អន្តរសភាថ្មីមួយ ក្នុងគោលបំណង ដើម្បីប្រជែងនូវអ្វីដែលពួកគេ ប្រកែកវែកញែក គឺការគំរាមកំហែង ដែលបង្កឡើង ដោយឥទ្ធិពលរបស់ចិន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា សម្ព័ន្ធអន្តរសភាស្តីពីប្រទេសចិន ដែលមានអ្នកតំណាង មកពីចក្រភពអង់គ្លេស ជប៉ុន កាណាដា ន័រវេស ស៊ុយអែត អាល្លឺម៉ង់ អូស្ត្រាលី សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានអះអាងថា កិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងពួកគេ គឺចាំបាច់ដើម្បីប្រយុទ្ធប្រឆាំង នឹងអ្វីដែលសម្ព័ន្ធមិត្ត ទាំងនោះនិយាយថា គឺជាការគំរាមកំហែង ដល់តម្លៃប្រជាធិបតេយ្យ ដែលបង្ហាញដោយរដ្ឋាភិបាល ទីក្រុងប៉េកាំង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមនេះបាននិយាយថា ខ្លួនមានគោលបំណង“ បង្កើតការឆ្លើយតបសមស្រប និងសម្របសម្រួល និងដើម្បីជួយរៀបចំ ឱ្យមានការឆ្លើយតបសកម្ម និងយុទ្ធសាស្ត្រលើបញ្ហា ដែលទាក់ទងនឹងសាធារណរដ្ឋ ប្រជាមានិតចិន” ៕
ប្រែសម្រួលៈ ណៃ តុលា