ព័ត៌មានអន្តរជាតិ

លោក ត្រាំ ចង់ដាក់ពង្រាយកងទ័ព ១ម៉ឺននាក់ ក្នុងទីក្រុងវ៉ាស៊ីនតោន

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយប្រាប់ទីប្រឹក្សារបស់លោក នៅពេលថ្មីៗនេះថា លោកចង់ឲ្យមានការ ដាក់ពង្រាយកងទ័ព ១ម៉ឺននាក់ នៅក្នុងតំបន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ឈប់ភាពចលាចលស៊ីវិល ជុំវិញការស្លាប់របស់បុរសស្បែកខ្មៅ បង្កឡើងដោយប៉ូលីសក្នុងទីក្រុង មីណេអាប៉ូលីស។

តម្រូវការរបស់លោក ត្រាំ នៅក្នុងអំឡុងកិច្ចសន្ទនាគ្នា នៅការិយាល័យ Oval Office បង្ហាញឲ្យឃើញថា លោកប្រធានាធិបតីអាមេរិករូបនេះ ប្រហែលជាជិតនឹងបំពេញ ទៅតាមការគម្រាមដាក់ពង្រាយកងកម្លាំងទ័ព នៅក្នុងទីក្រុងសហរដ្ឋអាមេរិកនានា បើទោះជាមានការប្រឆាំងជំទាស់ ពីថ្នាក់ដឹកនាំមន្ទីរបញ្ចកោណក៏ដោយ។

មន្ត្រីអាមេរិកមួយរូបបាននិយាយប្រាប់ថា នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិ លោក Mark Esper ប្រធានអគ្គសេនាធិការ នាយឧត្តមសេនីយ៍ Mark Milley និងអគ្គមេធាវី លោក William Barr បានចេញយោបល់ប្រឆាំងនឹង ការដាក់ពង្រាយទ័ពបែបនេះ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top