ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង​ រិះគន់ការសន្យាខ្យល់ របស់លោក ត្រាំ

បរទេស៖ ក្រោយរយៈពេលពីរឆ្នាំ ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបគ្នាក្នុងជំនួប កំពូលជាប្រវត្តិសាស្ត្រ នៅប្រទេសសិង្ហបុរីនោះ ទីក្រុងព្យុងយ៉ាងបាននិយាយ នៅថ្ងៃសុក្រសប្ដាហ៍នេះថា ចំណងទាក់ទងជាមួយទីក្រុងវ៉ាស៊ីនតោន បានប្រែក្លាយជាក្តីអស់សង្ឃឹម និងបានព្រមានថា ខ្លួនកំពុងតែកសាងកម្លាំង ដែលអាចពឹងផ្អែកបានកាន់តែខ្លាំង ដើម្បីដោះស្រាយជាមួយការគម្រាម កំហែងយោធារយៈពេលវែង ពីសហរដ្ឋអាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយកាសែត ផ្លូវការកូរ៉េខាងជើង KCNA រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Son Gwon បានមានប្រសាសន៍ថា សុទិដ្ឋិនិយមបង្កើតឡើង ដោយជំនួបដំបូងមិនធ្លាប់មាន រវាងប្រធានាធិបតីអាមេរិក និងមេដឹកនាំកូរ៉េខាងជើង គឺឥឡូវនេះបានរលាយបាត់ ក្រោយរង់ចាំពីរឆ្នាំឲ្យលោក ត្រាំ ធ្វើឲ្យប្រសើរឡើង ចំពោះសន្យាខ្យល់របស់លោក។

គួរបញ្ជាក់ថា ជំនួបកំពូលនៅប្រទេសសិង្ហបុរី នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ បានបង្កើតឲ្យមានសេចក្តីថ្លែងការណ៍រួមមួយ ដែលលោក គីម ជុងអ៊ុន បានធ្វើការបញ្ជាក់អះអាង នូវការប្តេជ្ញាដ៏រឹងមាំមិនងាករ៉េ បំពេញការលុបបំបាត់ អាវុធនុយក្លេអ៊ែលើឧបទ្វីបកូរ៉េ ចំណែកលោក ត្រាំ បានប្តេជ្ញាថា នឹងផ្តល់ការធានាសន្តិសុខ ឲ្យដល់ប្រទេសកូរ៉េខាងជើង ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top