គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងអាកាសចរណ៍ស៊ីវិល បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសអេហ្ស៊ីប នឹងបើកឲ្យដំណើរការ ផ្លូវអាកាសឡើងវិញ គ្រប់ព្រលានយន្តហោះទាំងអស់ ចាប់ពីថ្ងៃទី១ ខែកក្កដា ស្របពេលមានការរៀបចំ ដើម្បីទទួលភ្ញៀវទេសចរបរទេសឡើងវិញ នៅក្នុងខេត្តចំនួន៣ ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ តិចតួច ។
លោក Mohamed Manar រដ្ឋមន្ត្រីក្រសួងអាកាសចរណ៍ស៊ីវិល ជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងព័ត៌មាន បានធ្វើសន្និសីទរួមគ្នាមួយថា “រាល់ជើងហោះហើរ នឹងត្រូវបើកដំណើរការ ជាបណ្តើរៗឡើងវិញ ជាមួយនឹងបណ្តារដ្ឋមួយចំនួន” ។
គួរបញ្ជាក់ថា អេហ្ស៊ីប បានផ្អាកជើងហោះហើរអន្តរជាតិ គិតចាប់ពីថ្ងៃទី១៩ ខែមីនា ខណៈដែលមានវិធានការប្រុងប្រយ័ត្ន ដើម្បីទប់ស្កាត់ការឆ្លង រាលដាលវីរុសកូរ៉ូណា ។
លោក Manar បានថ្លែងថា “យន្តហោះទាំងអស់ ត្រូវបានសម្អាតឲ្យស្អាត ក្នុងពេលឆាប់ៗនេះ ហើយអាហារក្រៀម និងភេសជ្ជៈកំប៉ុង នឹងត្រូវបានផ្តល់ជូន” ។ លោកបានបន្ថែមថា ការចែកចាយសាធារណៈនឹង ត្រូវបានហាមឃាត់សម្រាប់អ្នក នៅលើយន្តហោះ ។
ទន្ទឹមនឹងនេះដែរ លោក Khaled al-Anany រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ទេសចរណ៍បរទទេស នឹងត្រូវបើកដំណើរការឡើងវិញ នៅក្នុងខេត្តតំបន់ឆ្នេរសមុទ្រចំនួន៣ ដែលមានការឆ្លងជំងឹកូវីដ១៩ តិចបំផុត ដែលមានឈ្មោះ South Sinai the Red Sea និងខេត្ត Matrouh ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា