ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង អាចនឹងមាន អាវុធនុយក្លេអ៊ែ ៤០គ្រាប់

បរទេស៖ វិទ្យាស្ថានស្រាវជ្រាវ សន្តិភាពអន្តរជាតិ Stockholm បាននិយាយថា ប្រទេសកូរ៉េខាងជើង អាចមានអាវុធនុយក្លេអ៊ែប្រហែលពី ៣០គ្រាប់ទៅ៤០គ្រាប់ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។

របាយការណ៍ប្រចាំឆ្នាំ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm របស់ចេញនៅថ្ងៃចន្ទម្សិលមិញនេះ និយាយថា ប្រទេសកូរ៉េខាងជើង បានបន្ថែមអាវុធនុយក្លេអ៊ែ ១០គ្រាប់បន្ថែមទៀត នៅក្នុងខែមករា ឆ្នាំ២០២០។ នៅក្នុងឆ្នាំ២០១៩ ក្រុមអ្នកវិភាគជម្លោះ និងអាវុធដែលលេចធ្លោរនាំមុខគេ ធ្លាប់បានធ្វើការវាយតម្លៃថា ប្រទេសកូរ៉េខាងជើង បានរក្សាទុកអាវុធនុយក្លេអ៊ែពី ២០ទៅ៣០គ្រាប់នៅក្នុងឃ្លាំង។

ប៉ុន្តែវិទ្យាស្ថានស្រាវជ្រាវ សន្តិភាពអន្តរជាតិ Stockholm មិនបានរាប់បញ្ចូលព័ត៌មាន ស្តីពីសមត្ថភាពអាវុធនុយក្លេអ៊ែ កូរ៉េខាងជើងផងទេ ហើយយោងតាមទីភ្នាក់ងារ សារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ ចំនួនក្បាលគ្រាប់នុយក្លេអ៊ែកូរ៉េខាងជើង មិនត្រូវបានរាប់បញ្ចូល ក្នុងចំនួនសរុបពិភពលោករបស់ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm នោះទេ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top