ព័ត៌មានអន្តរជាតិ

រកឃើញសព ពីឡុតយន្តហោះចម្បាំង F-15 ក្រោយជួបគ្រោះថ្នាក់

បរទេស៖ មន្ត្រីជំនាញសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា សាកសពពីឡុត ដែលបើកយន្តហោះចម្បាំង F-15 ជួបគ្រោះថ្នាក់ធ្លាក់ចូលសមុទ្រខាងជើង កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ត្រូវបានគេរកឃើញហើយ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI។

កងយន្តហោះចម្បាំង ទ័ពអាកាសអាមេរិកលេខ៤៨ ដែលស្ថិតនៅមូលដ្ឋាន កងទ័ពអាកាសអាមេរិក Lakenheath នាប្រទេសអង់គ្លេស បាននិយាយក្នុង សេចក្តីថ្លែងការណ៍មួយថា យន្តហោះចម្បំាង F-15C Eagle នោះ បានជួបគ្រោះថ្នាក់ក្នុងអំឡុងពេល បំពេញបេសកកម្មហ្វឹកហាត់ កាលពីព្រឹកថ្ងៃចន្ទ ហើយមន្ត្រីយោធា បាននិយាយយ៉ាងដូច្នេះថា បើទោះជាយន្តហោះ F-15 អាចផ្ទុកបានពីឡុតពីរនាក់ ប៉ុន្តែយន្តហោះដែលមាន គ្រោះថ្នាក់កាលពីថ្ងៃចន្ទនោះ មានផ្ទុកពីឡុតតែមួយនាក់ប៉ុណ្ណោះ។

តាមសេចក្តីរាយការណ៍ ក្រុមអ្នកស្វែងរកសង្គ្រោះមក ពីទីភ្នាក់ងារការពារដែនសមុទ្រ និងតំបន់ឆ្នេររបស់ប្រទេសអង់គ្លេស ត្រូវបានបញ្ជូនទៅកាន់កន្លែង ធ្លាក់យន្តហោះនៅសមុទ្រខាងជើង ដែលមានចម្ងាយប្រហែល ៨៥ម៉ាយ ពីឆកសមុទ្រ headland នៅតំបន់ឆ្នេរ Yorkshire ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top