ព័ត៌មានអន្តរជាតិ

អាមេរិក ចេញយន្តហោះប្រញាប់ប្រញាល់ ឃ្លាំមើលយន្តហោះទម្លាក់គ្រាប់ សមត្ថភាពនុយក្លេអ៊ែរុស្ស៊ី នៅជិតព្រំដែន

បរទេស៖ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានចេញយន្តហោះចម្បាំង យ៉ាងប្រញាប់ប្រញាល់ ដើម្បីអមឃ្លាំមើលយន្តហោះ ទម្លាក់គ្រាប់យុទ្ធសាស្ត្រ សមត្ថភាពនុយក្លេអ៊ែរុស្ស៊ី Tupolev Tu-95MS ចំនួន៤គ្រឿង ស្របពេលដែលយន្តហោះទាំងនោះ ធ្វើប្រតិបត្តិការហោះហើរ ក្បែរព្រំដែនសហរដ្ឋអាមេរិក។

ក្រសួងការពារជាតិរុស្ស៊ី ត្រូវបានសារព័ត៌មានដកស្រង់សម្តី ដែលនិយាយនៅថ្ងៃពុធនេះថា យន្តហោះរុស្ស៊ី បានធ្វើការហោះហើរអស់រយៈពេល ១១ម៉ោង នៅលើដែនទឹកនៃសមុទ្រ Chukotsk សមុទ្រ Bering និងសមុទ្រ Okhotsk ក៏ដូចជាផ្នែកភាគខាងជើង នៃមហាសមុទ្រប៉ាស៊ីហ្វិក។

យោងតាមសេចក្តីថ្លែងការណ៍ក្រសួងរុស្ស៊ី បេសកកម្មហោះហើរ ១១ម៉ោងនោះ គឺត្រូវបានធ្វើឡើង ដោយអនុលោមទៅតាម ក្រឹតក្រមអន្តរជាតិ សម្រាប់ការប្រើប្រាស់ដែនសមុទ្រ ហើយសេចក្តីថ្លែងការណ៍ ដដែលនេះបានបន្ថែមទៀតថា “យន្តហោះរុស្ស៊ី ត្រូវបានអមឃ្លាំមើលដោយ យន្តហោះចម្បាំងជំនានទី៥ របស់កងទ័ពជើងអាកាសអាមេរិក F-22 Raptor នៅផ្នែកខ្លះនៃការហោះហើរនោះ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top