បរទេស៖ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ កើតឡើងចំពេលមានភាព តានតឹងកំពុងបន្តរវាងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង និងរដ្ឋាភិបាលទីក្រុងសេអ៊ូល ដែលបានកើនឡើងកាលពីថ្ងៃអង្គារ នៅពេលដែលប្រទេសកូរ៉េខាងជើង បានបំផ្លាញការិយាល័យ ទំនាក់ទំនងនៅក្នុងឧទ្យានឧស្សាហកម្ម Kaesong ប្រហែលមួយសប្តាហ៍បន្ទាប់ពីកូរ៉េខាងជើង បានកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយកូរ៉េខាងត្បូង។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់នៅថ្ងៃពុធ បានផ្សាយថា មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន បានឃ្លាតឆ្ងាយពីសាធារណជន អស់រយៈពេលជាងមួយ សប្តាហ៍មកហើយ ខណៈដែលប្អូនស្រីរបស់លោក កំពុងដឹកនាំការដោះស្រាយយ៉ាងតឹងរឹង នូវទំនាក់ទំនងរបស់ទីក្រុងព្យុងយ៉ាង ជាមួយទីក្រុងសេអ៊ូល។
យោងតាមយ៉ុនហាប់ លោកគីមត្រូវបានគេឃើញចុងក្រោយនៅថ្ងៃទី ៧ ខែមិថុនានៅពេលដែលលោកត្រូវបានគេរាយការណ៍ថា បានធ្វើជាអធិបតីក្នុងសម័យប្រជុំនៃគណបក្សពលករ កំពុងកាន់អំណាចរបស់កូរ៉េខាងជើង។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំ មេដឹកនាំកូរ៉េខាងជើង “បានអំពាវនាវឱ្យមានការ ធ្វើឱ្យប្រសើរឡើងនូវវិស័យគីមី របស់ប្រទេស សម្រាប់ការផលិតជី និងបានពិភាក្សាពីជីវភាព រស់នៅរបស់ប្រជាជនព្យុងយ៉ាង” ដោយមិននិយាយអ្វីទាំងអស់ អំពីកិច្ចការអន្តរកូរ៉េ។
របាយការណ៍របស់យ៉ុនហាប់ កើតឡើងចំពេលដែលភាពតានតឹង កាន់តែខ្លាំងឡើងរវាងទីក្រុងព្យុងយ៉ាងនិងទីក្រុងសេអ៊ូល ដែលបានកើនឡើងកាលពីសប្តាហ៍មុន បន្ទាប់ពីកូរ៉េខាងជើងបានកាត់ផ្តាច់រាល់ទំនាក់ទំនង ជាមួយទីក្រុងសេអ៊ូលចំពេល មានយុទ្ធនាការដែល កំពុងបន្តដោយក្រុមរត់ចោលជួរដែលមានមូលដ្ឋាន នៅភាគខាងត្បូងបានបង្ហោះ ខិតប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាងនៅលើប៉េងប៉ោងឆ្លងកាត់ព្រំដែន៕
ប្រែសម្រួលៈ ណៃ តុលា