ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ព្រមានក្រុងព្យុងយ៉ាង ពីការខាតបង់ ប្រសិនបើខ្លួនចាប់ផ្ដើម សកម្មភាពយោធា

សេអ៊ូល៖ យោធាកូរ៉េខាងត្បូង បានព្រមាននៅថ្ងៃពុធម្សិលមិញនេះថា ប្រទេសកូរ៉េខាងជើង នឹងត្រូវ “បង់ថ្លៃ” ប្រសិនបើខ្លួនចាប់ផ្តើមសកម្មភាពយោធា ប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូង។

សេចក្តីថ្លែងការណ៍របស់ អគ្គសេនាធិការចំរុះ បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានឲ្យដឹងថាខ្លួននឹងពង្រាយកងទ័ព ទៅកាន់សួនឧស្សាហកម្មអន្តរកូរ៉េមួយនៅក្នុងទីក្រុងព្រំដែន Kaesong ភាគខាងលិច និងតំបន់ទេសចរណ៍ រួមគ្នា Mount Kumgang នៅឆ្នេរសមុទ្រខាងកើត។

កូរ៉េខាងជើង ក៏បានង្យដឹងផងដែរថា ខ្លួននឹងស្តារប៉ុស្តិ៍យាម ដែលត្រូវបានដកចេញពីតំបន់គ្មានយោធា ដែលបែងចែកកូរ៉េទាំងពីរ និងធ្វើសមយុទ្ធយោធាទៀងទាត់គ្រប់ប្រភេទ នៅជិតព្រំដែនអន្តរកូរ៉េក្នុងវិធានការជាក់ស្តែងដើម្បីលុបចោល កិច្ចព្រមព្រៀងកាត់បន្ថយភាពតានតឹងផ្នែកយោធាដែលបានចុះហត្ថលេខានៅឆ្នាំ ២០១៨៕

To Top