ព័ត៌មានអន្តរជាតិ

ឥណ្ឌា បង្កកគម្រោង ក្រុមហ៊ុនចិន ចំនួន៣ លើទំហំទឹកប្រាក់ ៦៦៧លានដុល្លារ

បរទេស៖ បុគ្គលិកកងទ័ពឥណ្ឌា ចំនួន ២០នាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នា ដ៏សាហាវដែលបានផ្ទុះឡើង នៅជ្រលងភ្នំ Galwan Valley នៃតំបន់ Ladakh កាលពីថ្ងៃទី ១៥ ខែមិថុនា។ ចាប់តាំងពីពេលនោះមក ក្រសួងផ្លូវដែក និងក្រសួងទូរគមនាគមន៍ ប្រទេសឥណ្ឌា បានបញ្ចប់កិច្ចសន្យា ជាមួយក្រុមហ៊ុននានា របស់ចិន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ដោយសារភាពតានតឹង នៅតាមព្រំដែន ជាមួយប្រទេសចិន, ឥណ្ឌាបានបង្កកគម្រោង វិនិយោគចំនួន៣ ដែលមានតម្លៃ ៦៦៧ លានដុល្លារ ធ្វើដោយក្រុមហ៊ុនចិននៅរដ្ឋ Maharashtra របស់ឥណ្ឌា។ គម្រោងទាំងនេះត្រូវបាន ដាក់ឲ្យ អនុវត្តតាមសេចក្តីបង្គាប់ របស់ក្រសួងកិច្ចការខាងក្រៅឥណ្ឌា។

គម្រោងទាំងនោះរួមមាន កិច្ចព្រមព្រៀងរោងចក្រ ផលិតរថយន្តធំមួយ និងគម្រោងអេឡិចត្រូនិចចល័ត។

បើតាមរដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម គឺលោក Subhash Desa នៅរដ្ឋ Maharashtra បាននិយាយថា «ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដោយពិគ្រោះយោបល់ ជាមួយរដ្ឋាភិបាលសហភាព។ គម្រោងទាំងនេះ ត្រូវបានចុះហត្ថលេខា មុនពេលសម្លាប់ទាហាន ឥណ្ឌា ២០នាក់ នៅតាមព្រំដែនឥណ្ឌូចិន។ ក្រសួងកិច្ចការខាងក្រៅ បានណែនាំមិនឱ្យចុះ ហត្ថលេខា លើកិច្ចព្រមព្រៀងណាមួយ បន្ថែមទៀត ជាមួយក្រុមហ៊ុនចិនទេ»។

គម្រោងដែលត្រូវបាន ជាប់គាំងរួមមានអនុស្សរណៈ យោគយល់គ្នា ជាមួយទឹកប្រាក់ចំនួន ៥០២ លានដុល្លារអាមេរិក ជាមួយក្រុមហ៊ុន Great Wall Motors (GWM) និងគម្រោង អេឡិចត្រូនិកចល័តចំនួន ១៣៣ លានដុល្លារជាមួយក្រុមហ៊ុន Foton (ប្រទេសចិន) ។ GWM ត្រូវបង្កើតអង្គភាពផលិត រថយន្តមួយនៅ Talegaon ក្បែរទីក្រុង Pune របស់ឥណ្ឌា៕

ប្រែសម្រួលៈ ណៃ តុលា

To Top