ញូដេលី៖ ប្រទេសនេប៉ាល់បានរួបរួមជាមួយ ប្រទេសចិនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈដែលទំនាក់ទំនងការទូត របស់ខ្លួនជាមួយប្រទេសឥណ្ឌាបានធ្លាក់ចុះដល់កំរិតថ្មីមួយ ជាមួយនឹងសភារបស់ប្រទេសនេះ ដែលបានអនុម័តនូវការផ្លាស់ប្តូររដ្ឋធម្មនុញ្ញដើម្បីគូសផែនទីជាតិឡើងវិញ។ ប្រទេសចិនបានបង្កើនវត្តមាននិងការវិនិយោគរបស់ខ្លួននៅក្នុងប្រទេស ហិម៉ាឡៃយ៉ា ចាប់តាំងពីមានការរញ្ជួយដីដ៏ធំនៅឆ្នាំ ២០១៥ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ផ្នែកអង្កេតនៃនាយកដ្ឋានកសិកម្មនេប៉ាល់ បានព្រមានដល់រដ្ឋាភិបាលថា ប្រទេសចិនបានពង្រីកទឹកដីរបស់ខ្លួនចូលទៅក្នុងតំបន់ភាគខាងជើងរបស់ប្រទេស ដោយផ្លាស់ប្តូរទិសដៅនៃទន្លេ នៅក្នុងតំបន់ បន្ទាប់ពីទីក្រុងប៉េកាំងបានអនុវត្តគម្រោងអភិវឌ្ឍន៍ផ្លូវធំ ៗ នៅក្នុងតំបន់ស្វយ័តទីបេ។
របាយការណ៍ដែលបានដកស្រង់សម្តីដោយសារព័ត៌មាន Hindustan Times បានព្រមានថា ប្រទេសចិនអាចកាន់កាប់ទឹកដីបន្ថែមទៀតនៅភាគខាងជើងប្រសិនបើទន្លេនៅតែបន្តផ្លាស់ប្តូរ ហើយបានចោទប្រកាន់ថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានរំលោភយកទឹកដីនេប៉ាល់នៅតាមស្រុកមួយចំនួន។
ឯកសាររបស់នាយកដ្ឋានអង្កេតរបស់ក្រសួងកសិកម្មបាននិយាយថា «មានលទ្ធភាពខ្ពស់ដែលថាយូរ ៗ ទៅប្រទេសចិនអាចនឹងបង្កើតប៉ុស្តិ៍ប៉ូលីសអង្កេតព្រំដែនរបស់ខ្លួនដោយប៉ូលីសប្រដាប់អាវុធនៅក្នុងទឹកដីទាំងនោះ»។
កាលពីខែវិច្ឆិកាឆ្នាំ ២០១៩ មានការតវ៉ាជាច្រើននៅទីក្រុង Kathmandu ជុំវិញរបាយការណ៍នៃការរំលោភយកដីរបស់ប្រទេសចិនហើយក្រុមអ្នកតវ៉ាក៏បានដុតបំផ្លាញរូបសំណាករបស់ប្រធានាធិបតីចិនលោកស៊ីជីនពីងផងដែរ៕ប្រែសម្រួលៈ ណៃ តុលា