ព័ត៌មានអន្តរជាតិ

ប្រមុខការពារជាតិ កូរ៉េខាងត្បូង-អាមេរិក ជំរុញឲ្យកូរ៉េខាងជើង គោរពតាមកិច្ចព្រមព្រៀងសន្ដិភាព

សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Jeong Kyeong-doo និងរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper នៅថ្ងៃព្រហស្បតិ៍នេះ បានជំរុញឱ្យកូរ៉េខាងជើង គោរពតាមកិច្ចព្រមព្រៀងសន្ដិភាពឆ្នាំ ២០១៨ ដែលប្រទេសកុម្មុយនិស្តមួយនេះ បានចុះហត្ថលេខា ដើម្បីសន្តិភាពនៅឧបទ្វីបកូរ៉េ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលប្រារព្ធខួបលើកទី៧០ នៃការផ្ទុះឡើងនៃសង្គ្រាមកូរ៉េ ឆ្នាំ ១៩៥០-៥៣ ប្រមុខការពារជាតិនៃប្រទេសទាំងពីរ ក៏បានឲ្យដឹងផងដែរថា នឹងបន្តគាំទ្រការទូតចំពោះ ការលុបបំបាត់អាវុធនុយក្លេអ៊ែរ ទាំងស្រុងរបស់កូរ៉េខាងជើង និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត របស់ក្នុងការរក្សាជំហរ ការពារជាតិរួមគ្នាមួយ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “មេដឹកនាំទាំងពីរអំពាវនាវ ឱ្យកូរ៉េខាងជើងបំពេញតាម ការប្តេជ្ញាចិត្តរបស់ខ្លួនស្របតាម កិច្ចព្រមព្រៀង ដូចជាសេចក្តីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខា នៅក្នុងប្រទេសសិង្ហបុរី បន្ទាប់ពីកិច្ចប្រជុំកំពូលកូរ៉េខាងជើង និងកិច្ចព្រមព្រៀង យោធាអន្តរកូរ៉េថ្ងៃទី១៩ ខែកញ្ញា” ៕

ដោយ ឈូក បូរ៉ា

To Top