បរទេស៖ ប្រទេសជប៉ុន នៅពេលថ្មីៗនេះ ទើបបានលុបចោលផែនការ ដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល មានមូលដ្ឋានលើគោក Aegis Ashore នៅទីតាំងចំនួនពីរកន្លែង ក្នុងប្រទេសជប៉ុន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទី ភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។
ដោយពោលសំដៅដល់ កិច្ចប្រជុំសម្ងាត់កាលពីថ្ងៃពុធ របស់ក្រុមប្រឹក្សាសន្តិសុខជាតិ ចូលរួមជាអធិបតីដោយ លោកនាយករដ្ឋមន្ត្រី ស៊ីនហ្ស៊ូ អាបេនោះ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក តារ៉ូ កូណា បានមានប្រសាសន៍ប្រាប់ថា “ក្រោយកិច្ចពិភាក្សាគ្នា នៅក្រុមប្រឹក្សាសន្តិសុខជាតិ យើងបានឈានដល់ការសម្រេចចិត្ត លុបចោលការដាក់ពង្រាយ នៅក្នុងខេត្ត Yamaguchi និងខេត្ត Akita“។
គួរបញ្ជាក់ថា ការសម្រេចចិត្តនេះ គឺត្រូវបានធ្វើឡើង ក្រោយមានការប្រកាសកាលពីថ្ងៃទី១៥ ខែមិថុនា ដែលថា ប្រទេសជប៉ុនទើបបានផ្អាក ផែនការដាក់ពង្រាយ ប្រព័ន្ធការពារមីស៊ីល Aegis Ashore ដែលអភិវឌ្ឍផលិតដោយសហរដ្ឋអាមេរិក ដោយលើកឡើងពីបញ្ហាបច្ចេកទេស និងការចំណាយខ្ពស់ ៕
ប្រែសម្រួល៖ ប៉ាង កុង