ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីម៉ិកស៊ិក នឹងធ្វើទស្សនកិច្ច លោក ត្រាំ ក្នុងខែកក្កដា

បរទេស៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andrés Manuel Lopez Obrador នឹងធ្វើដំណើរទស្សនកិច្ចបរទេស ជាលើកដំបូងរបស់លោក គិតចាប់តាំងពីចូលកាន់តំណែងក្នុងឆ្នាំ២០១៨មក ជាមួយនឹងការធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបគ្នាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ 

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Lopez Obrador នឹងធ្វើដំណើរទស្សនកិច្ច ដើម្បីបង្ហាញពីការចាប់ផ្តើមនៃកិច្ចព្រមព្រៀង សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ដែលនឹងដាក់ឲ្យអនុវត្តជាធរមាន នៅថ្ងៃទី០១ ខែកក្កដា ប៉ុន្តែកាលបរិច្ឆេទនៃដំណើរទស្សនកិច្ចនោះ មិនទាន់បានកំណត់នោះទេ។ 

នៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃព្រហស្បតិ៍ លោក បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “ចំណងមិត្តភាពសហរដ្ឋអាមេរិក-ម៉ិកស៊ិក គឺផ្អែកលើភាពជាមិត្ត ហើយវាក៏ជាចំណងទាក់ទងពាណិជ្ជកម្ម និងសេដ្ឋកិច្ចមិនអាចខ្វះបាន ដូច្នេះនោះជាមូលហេតុឲ្យមានដំណើរទស្សនកិច្ចទៅសហរដ្ឋអាមេរិក”។

ប្រែសម្រួល៖ប៉ាង កុង 

To Top