បរទេស៖ នៅក្នុងថ្ងៃទិវាគម្រប់ខួបលើកទី៧០ នៃការចាប់ផ្តើមសង្គ្រាមកូរ៉េ គណៈកម្មាធិការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ តាមសេចក្តីរាយការណ៍ បានអំពាវនាវឲ្យប្រទេសកូរ៉េខាងជើងបញ្ជូនត្រឡប់មកវិញ នូវមនុស្សត្រូវគេចាប់ពង្រត់រាប់រយនាក់ នៅក្នុងអំឡុងនិងក្រោយសង្គ្រាម។
ក្រុមអុ្នកជំនាញឯករាជ្យ បាននិយាយនៅក្នុងលិខិតមួយចេញ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា “បើទោះជាមានការបញ្ជូនត្រឡប់មកវិញ នូវអ្នកទោសសង្គ្រាម និងជនស៊ីវិលដែលរាប់បញ្ចូលក្នុងកិច្ចព្រមព្រៀង បទឈប់បាញ់គ្នាក៏ដោយ ក៏សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ នៅតែធ្វើការបដិសេធជារឿយៗ មិនបញ្ជូនត្រឡប់មកវិញនូវពួកគេ ឬក៏អនុញ្ញាតឲ្យសាច់ញាតិធ្វើទំនាក់ទំនងដោយសេរី ជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេនោះឡើយ”។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៤ គណៈកម្មាធិការស៊ើបអង្កេត របស់អង្គការសហប្រជាជាតិ បានរកឃើញថា អាជ្ញាធរប្រទេសកូរ៉េខាងជើង បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆំាងមនុស្សជាតិ ដោយការចាប់ពង្រត់ និងបដិសេធមិនធ្វើមាតុភូមិនិវត្តន៍ ដល់ជនរងគ្រោះអន្តរជាតិ៕
ប្រែសម្រួល៖ប៉ាង កុង