ព័ត៌មានអន្តរជាតិ

អាមេរិករឹតបន្តឹង ការផ្តល់ទិដ្ឋាការ ដល់មន្ត្រីចិន

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានមានប្រសាសន៍ប្រាប់នៅថ្ងៃសុក្រសប្ដាហ៍នេះថា ទីក្រុងវ៉ាស៊ីនតោន កំពុងតែដាក់ការរឹតបន្តឹងទិដ្ឋាការលើមន្ត្រីចិន ដែលទទួលខុសត្រូវលើការរឹតបន្តឹង សេរីភាពនៅទីក្រុងហុងកុង ប៉ុន្តែលោកមិនបាននិយាយ ប្រាប់ឈ្មោះមន្ត្រីគោលដៅនោះទេ។ 

ដោយមិនបានបញ្ជាក់ប្រាប់ឈ្មោះ លោក Pompeo បាននិយាយថា ការរឹតបន្តឹងទិដ្ឋាការសហរដ្ឋអាមេរិកនេះ គឺអនុវត្តចំពោះមន្ត្រីបក្សកុម្មុយនិស្តចិនបច្ចុប្បន្ននិងអតីត ដែលគេជឿថា ទទួលខុសត្រូវ ឬក៏ពាក់ព័ន្ធធ្វើឲ្យស្មុគស្មាញ ប៉ះពាល់ដល់ស្វយភាពកម្រិតខ្ពស់របស់ទីក្រុងហុងកុង។ 

គួរបញ្ជាក់ថា ការរឹតបន្តឹងទិដ្ឋាការអាមេរិកលើមន្ត្រីចិននេះ គឺត្រូវបានធ្វើឡើងមុនកិច្ចប្រជុំរយៈពេល៣ថ្ងៃរបស់រដ្ឋសភាប្រទេសចិន ចាប់ផ្តើមពីថ្ងៃអាទិត្យ ដែលគេរំពឹងថា នឹងអនុម័តច្បាប់សន្តិសុខជាតិថ្មី សម្រាប់ទីក្រុងហុងកុង ដែលរដ្ឋាភិបាលបរទេសនិងសកម្មជនលទ្ធិប្រជាធិបតេយ្យនានា មានក្តីព្រួយបារម្ភ៕ 

ប្រែសម្រួល៖ប៉ាងកុង 

To Top