ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល បើកការវាយប្រហារ តាមផ្លូវអាកាស ទៅលើតំបន់ហ្គាហ្សា ឆ្លើយតបទៅនឹង ការបាញ់គ្រាប់រ៉ុក្កែត របស់ក្រុមហាម៉ាស់

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ថា កងកម្លាំងការពារជាតិ របស់អ៊ីស្រាអ៊ែល (IDF)បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃសុក្រ យន្តហោះចម្បំាង របស់ប្រទេសអ៊ីស្រាអ៊ែល បានបើកការវាយប្រហារ ទៅលើគោលដៅ របស់ក្រុមហាម៉ាស់ នៅភាគខាងត្បូង តំបន់ហ្គាហ្សាស្ទ្រីប ដែលជាការឆ្លើយតប ទៅនឹងការបាញ់គ្រាប់រ៉ុក្កែតមួយ ។

យោងតាមសេចក្តីថ្លែងការណ៍ បានដាក់ថា ប៉ុន្មានម៉ោងក្រោយ ពីមានគ្រាប់រ៉ុក្កែត ២គ្រាប់ បានត្រូវគេបាញ់ផ្លោងចូល មកក្នុងតំបន់ភាគខាងត្បូង នៃប្រទេសអ៊ីស្រាអ៊ែល ។ យន្តហោះរបស់ IDF បានបើកការវាយប្រហារមួយ ប្រឆាំងតបតទៅលើរោងចក្រ ផលិតគ្រាប់រ៉ុក្កែតមួយកន្លែង និងរោងចក្រផលិតអាវុធ មួយកន្លែងផងដែរ ។

នៅមិនទាន់មានសេចក្តីរាយការណ៍ ភ្លាមៗណាមួយ បញ្ជាក់ពីតំបន់ហ្គាហ្សា ស្ទ្រីប ដែលរងការខូចខាត ឬបង្ករបួសនៅឡើយទេ ។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ ក្រុមហាម៉ាស់ បានព្រមានថា ខ្លួននឹងឆ្លើយតប ទៅនឹងអំពើហិង្សា ដែលជាការបង្ហាញឲ្យឃើញ នូវទង្វើរបស់អ៊ីស្រាអ៊ែល ដោយហៅអំពើនោះថា “ជាការប្រកាសឲ្យមាន សង្គ្រាមកើតឡើង” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top