អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ថា លោក Fahrettin Koca រដ្ឋមន្ត្រីក្រសួងសុខាភិបាលតួកគី កាលពីថ្ងៃសៅរ៍ បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១.៣៧២នាក់ ដែលនាំឲ្យតួលេខសរុបនៃអ្នកឆ្លងជំងឺកើនឡើងដល់១៩៥.៨៨៣នាក់ ។
រដ្ឋមន្ត្រីបានថ្លែឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា នៅក្នុងរយៈពេល១ថ្ងៃប៉ុណ្ណោះ មានអ្នកជំងឺបន្ថែមទៀតចំនួន១៧នាក់បានស្លាប់ សរុបអ្នកស្លាប់នៅក្នុងប្រទេសតួកគី បានកើនឡើងដល់៥.០៨២នាក់។
គាត់បានថ្លែងថា ប្រទេសតួកគី បានធ្វើតេស្តរកមើលមេរោគចំនួន៤៥.២១៣នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យតួលេខសរុបនៃអ្នកធ្វើតេស្តរកមេរោគដែលបានអនុវត្តន៍រួចមានរហូតដល់៣.២៣១.៨៣៥នាក់ ។
លោក Koca បានថ្លែងថា សរុបមានអញនកជំងឺចំនួន១៦៩.១៨២នាក់ បានជាសះស្បើយពីជំងឺនៅក្នុងប្រទេស គិតចាប់តាំងពីមានការផ្ទុះជំងឺ បន្ទាប់ពីមានអ្នកជាសះស្បើយបន្ថែមចំនួន១.៩៨៤នាក់ ដែលបានបូកបន្ថែមក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា