ព័ត៌មានអន្តរជាតិ

ព្រឹទ្ធសភាអាមេរិក អនុម័តសេចក្តីព្រាងពិន័យចិន ជុំវិញច្បាប់សន្តិសុខជាតិ នៅហុងកុង

បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទ អនុម័តច្បាប់ដាក់ពិន័យប្រទេសចិន ជុំវិញការដាក់ច្បាប់សន្តិសុខជាតិថ្មី លើទីក្រុងហុងកុង ហើយនឹងបញ្ជូនសេចក្តីព្រាងច្បាប់នោះ ទៅឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចុះហត្ថលេខាជាច្បាប់ផ្លូវការ។

ដោយមានការគាំទ្រ ពីសមាជិកព្រឹទ្ធសភា លោក . Pat Toomey និងលោក Chris Van Hollen នោះ ច្បាប់ស្តីពីស្វយភាព របស់ទីក្រុងហុងកុងនេះ នឹងធ្វើការដាក់ទណ្ឌកម្មជា ចាំបាច់លើបុគ្គលនិងអង្គភាព ដែលរួមចំណែកក្នុងទង្វើរបស់ចិន លើទំនួលខុសត្រូវរបស់ខ្លួន លើទីក្រុងហុងកុង និងអ្នកណាដែលរំលោភបំពាន លើស្វយភាពរបស់ហុងកុង ព្រមទាំងធនាគារដែលធ្វើ ប្រតិបត្តិការសាច់ប្រាក់ដ៏សំខាន់ៗ ជាមួយបុគ្គលទាំងនោះ។

គួរបញ្ជាក់ថា ព្រឹទ្ធសភាអាមរិកបានអនុម័ត សេចក្តីព្រាងច្បាប់នេះ ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីចិន ដាក់ច្បាប់សន្តិសុខជាតិថ្មីមួយ ដែលអ្នករិះគន់និយាយថា នឹងជាទីបញ្ចប់នៃស្វយភាព របស់ទីក្រុងហុងកុង ដែលទីក្រុងប៉េកាំងបានសន្យាថា នឹងរក្សាទុករយៈពេល៥០ឆ្នាំ ក្រោយអង់គ្លេសប្រគល់ ទីក្រុងនេះឲ្យកាន់គ្រប់គ្រង នៅក្នុងឆ្នាំ១៩៩៧ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top