ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីឥណ្ឌាថា កងទ័ពឥណ្ឌាត្រៀមខ្លួន ដើម្បីបញ្ឈប់សកម្មភាព អ្នកវាតទីនិយម ក្នុងពេលលោកទស្សនកិច្ចនៅតំបន់ Ladakh

ញូដេលី៖ កិច្ចប្រជុំកម្រិតខ្ពស់ជាច្រើនលើក រវាងឥណ្ឌានិងចិន បានបរាជ័យក្នុងការដោះស្រាយ បញ្ហាព្រំដែននៅតាមបណ្តោយបន្ទាត់ នៃការត្រួតពិនិត្យភាគខាងកើតនៅតំបន់ Ladakh ។ ការពង្រឹងវិស័យយោធានៅតែបន្ត រវាងប្រទេសទាំងពីរ ទោះបីជាភាគីទាំងសងខាងឯកភាពគ្នា ក្នុងការដកទ័ពជាបណ្តើរ ៗ ក៏ដោយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានទៅដល់ទីក្រុង Leh របស់តំបន់ Ladakh នៅថ្ងៃសុក្រ ក្នុងដំណើរទស្សនកិច្ច ដ៏គួរឱ្យភ្ញាក់ផ្អើលមួយដើម្បីដឹង អំពីស្ថានភាពនៅក្នុងដំណើរទស្សនកិច្ច ជាន់ខ្ពស់របស់មេដឹកនាំ ចាប់តាំងពីការប្រឈមមុខ នឹងព្រំដែនជាមួយប្រទេសចិន បានផ្ទុះឡើងនៅសប្តាហ៍ ចុងក្រោយនៃខែមេសា។

នៅក្នុងសុន្ទរកថារយៈពេល ២៦នាទី របស់គាត់ទៅកាន់កងកំលាំង ប្រដាប់អាវុធឥណ្ឌា លោកម៉ូឌីបាននិយាយថា យុគសម័យនៃការពង្រីកដែនដី បានកន្លងផុតទៅហើយ ប្រវត្តិសាស្រ្តគឺជាភស្តុតាងដែលបង្ហាញថា អ្នកពង្រីកទឹកដីបានបាត់បង់ ឬត្រូវបានបង្ខំឱ្យវិលត្រឡប់មកវិញ។

នៅក្នុងសារទៅកាន់ប្រទេសចិន ចំពេលមានការប្រឈមមុខ ដាក់គ្នានៅព្រំដែនលោក មូឌី បាននិយាយថា ដែនដី Ladakh រួមទាំង Galwan គឺជាម្កុដរបស់ប្រទេសឥណ្ឌា ហើយវាជាសញ្ញានៃការ គោរពចំពោះប្រជាជនឥណ្ឌា ១,៣ ពាន់លាននាក់។ លោកបានបន្ថែមទៀតថា ភាពក្លាហានគឺជាតម្រូវការ ជាមុនសម្រាប់សន្តិភាព ហើយអ្នកដែលទន់ខ្សោយមិនអាច ផ្តួចផ្តើមសន្តិភាពបានឡើយ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top