ព័ត៌មានអន្តរជាតិ

ករណីរថភ្លើងបុក ជាមួយរថយន្តដឹកអ្នកដំណើរ នៅប៉ាគីស្ថាន បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត ២២នាក់

ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ថា លោក Quratul Ain អ្នកនាំពាក្យមកពីអង្គភាព អាយស្ម័យយាន របស់ប្រទេសប៉ាគីស្ថាន បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ រថភ្លងមួយខ្សែបុកនឹងរថយន្ត ដឹកដំណើរធុនតូចចំនួន ១គ្រឿង នៅក្រុង Sheikhupura ភាគខាងកើតប្រទេសប៉ាគីស្ថាន បណ្តាលឲ្យស្លាប់អ្នកដំណើររហូតដល់ ២២នាក់ គិតត្រឹមយប់ថ្ងៃសុក្រ ។

អ្នកនាំពាក្យបានប្រាប់ដល់ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថា ចំនួនអ្នកស្លាប់បានកើនឡើង បន្ទាប់ពីមានអ្នករងរបួសចំនួន ៣នាក់ បានរងរបួសធ្ងន់ធ្ងរ នៅក្នុងអំឡុងពេលព្យាបាល មុខរបួសរបស់ពួកគេ នៅឯមន្ទីរពេទ្យមួយ ។ ដោយបានបន្ថែមថា កុមារមួយចំនួន និងស្ត្រីស្ថិតក្នុងចំណោមអ្នកស្លាប់ និងរងរបួស ។

រថភ្លើងដឹកដំណើរមួយខ្សែ ដែលមានឈ្មោះថា Shah Hussain Express បានធ្វើដំណើរឆ្ពោះទៅកាន់ក្រុង Lahore ស្ថិតនៅភាគខាងកើតប្រទេស ដែលបានចេញដំណើរ ពីតំបន់ភាគខាងត្បូង ក្រុងកំពង់ផែ Karachi ហើយបានបុករថយន្ត ដឹកដំណើរធុនតូច ១គ្រឿង គ្រាដែលកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវ ដោយមិនមានរបាដាក់នៅទីតាំង រវាងតំបន់ Farooqabad និង Bahali Wala ស្ថិតនៅ Sheikhupura ដែលជាក្រុងមួយស្ថិតនៅភាគខាងកើត ខេត្ត Punjab ។

ប៉ូលិសនៅក្នុងតំបន់បាននិយាយថា ឧប្បត្តិហេតុបានកើតឡើងដោយសារ តែការភាន់ច្រឡំរបស់អ្នកបើកបរ រថយន្តដឹកដំណើរធុនតូច ដែលបានព្យាយាមឆ្លងកាត់ផ្លូវរថភ្លើង ចំពេលរថភ្លើងបានធ្វើដំណើរមកដល់ ដោយរដ្ឋនោះមិនបានកត់សម្គាល់ថា មានរថភ្លើងរត់មកជិតដល់នោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×