ព័ត៌មានអន្តរជាតិ

ចិន រុស្ស៊ី និងកូរ៉េខាងជើង តេស្តសាកល្បងខ្សែ រថភ្លើងដឹកទំនិញថ្មី

បរទេស៖ ផ្លូវដែកដឹកទំនិញមួយខ្សែ ដែលតភ្ជាប់ប្រទេសកូរ៉េខាងជើង ប្រទេសរុស្ស៊ីនិងប្រទេសចិន មានពេលថ្មីៗនេះ បានចាប់ផ្តើមដំណើរការ សាកល្បងហើយ នេះបើតាមការប្រាប់ឲ្យដឹង ពីសហគ្រាសរដ្ឋរបស់ប្រទេសចិន។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិ ផ្លូវសូត្រដែនសមុទ្រ អាស៊ីឦសានក្នុងខេត្ត Jilin បាននិយាយលើគេហទំព័រខ្លួនថា រថភ្លើងមួយគ្រឿងផ្ទុកទូកុងតឺន័រចំនួន៦ បានធ្វើដំណើរចេញពីទីក្រុង Hunchun កាលពីថ្ងៃសុក្រសប្ដាហ៍មុន និងមួយម៉ោងក្រោយមក បានទៅដល់ស្ថានីយរថភ្លើងមួយកន្លែង ក្នុងតំបន់ភាគខាងកើតរបស់ប្រទេសរុស្ស៊ី។

បន្ទាប់មកទៀត រថភ្លើងដដែលនេះ ក៏បានបន្តដំណើរចេញពីប្រទេសរុស្ស៊ី តាមផ្លូវដែកមួយខ្សែក្នុងទីក្រុង Khasan ប្រទេសរុស្ស៊ី ទៅដល់ចំណតចុងក្រោយ គឺស្ថានីយទន្លេ Tumen ក្នុងប្រទេសកូរ៉េខាងជើង កាលពីរសៀលថ្ងៃចន្ទ។

ការតេស្តសាកល្បងនេះ គឺត្រូវបានធ្វើឡើងដោយមាន ការគាំទ្រយ៉ាងសកម្ម និងស្ថិតក្រោមការណែនាំ របស់ទីស្នាក់ការកណ្ដាលរដ្ឋ របស់ក្រសួងផ្លូវដែកសហព័ន្ធរុស្ស៊ី និងផ្លូវដែករដ្ឋកូរ៉េរបស់ក្រសួងផ្លូវដែក របស់ប្រទេសកូរ៉េខាងជើង ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top