Covid-19

សិង្ហបុរី មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១៣៦នាក់

សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសសិង្ហបុរី (MOH) បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១៣៦នាក់ គិតត្រឹមថ្ងៃអាទិត្យ នាំឲ្យតួលេខសរុបនៃអ្នកឆ្លងជំងឺ នៅក្នុងប្រទេសកើនឡើងដល់ ៤៤.៨០០នាក់ ។

ក្នុងចំណោមករណីថ្មី មាន ៧នាក់មកពីខាងក្រៅ និង១៨នាក់ នៅក្នុងសហគមន៍ និងមួយចំនួនដែលនៅសេសសល់ គឺពាក់ព័ន្ធនឹងកម្មករបរទេស នៅតាមកន្លែងស្នាក់នៅ ។

ក្រសួងបានឲ្យដឹងថា គិតត្រឹមថ្ងៃអាទិត្យ មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៣២៤នាក់ បានជាសះស្បើយពីជំងឺ ហើយបានចាកចេញពីមន្ទីរពេទ្យ ។ សរុបអ្នកជាសះស្បើយ ទាំងស្រុងមានចំនួន ៤០.៤៤១នាក់ និងបានចាកចេញពីមន្ទីរពេទ្យ និងទីតាំងថែទាំជំងឺក្នុងសហគមន៍ ។

បច្ចុប្បន្ននេះ មានអ្នកជំងឺចំនួន ២១២នាក់ ត្រូវបានគេបញ្ជាក់ថា កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ។ ភាគច្រើនពួកគេមាន ស្ថានភាពប្រសើរបន្តិចដែរ និង២នាក់មានស្ថានភាពធ្ងន់ធ្ងរ ។

គិតចាប់តាំងពីមានករណីផ្ទុះជំងឺកូវីដ១៩ មានមនុស្សចំនួន ២៦នាក់បានស្លាប់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top