ព័ត៌មានអន្តរជាតិ

អគ្គិភ័យនៅទីតាំង នុយក្លេអ៊ែអ៊ីរ៉ង់ Natanz បង្កការខូចខាតធ្ងន់ធ្ងរ

បរទេស៖ មន្ត្រីនុយក្លេអ៊ែអ៊ីរ៉ងមួយរូប បាននិយាយនៅថ្ងៃអាទិត្យម្សិលមិញថា ហេតុការណ៍អគ្គិភ័យមួយ នៅទីតាំងនុយក្លេអ៊ែអ៊ីរ៉ង់ក្រោមដី Natanz បានបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរ ដែលអាចនឹងធ្វើឲ្យយឺតយ៉ាវ ដល់ការអភិវឌ្ឍម៉ាស៊ីនទំនើប ប្រើសម្រាប់ចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូម ។

មន្ត្រីអ៊ីរ៉ង់ចំនួន៣រូប ដែលនិយាយប្រាប់ ទីភ្នាក់ងារសារព័ត៌មាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានធ្វើការអះអាងថា ពួកគេជឿជាក់ថា ហេតុការណ៍អគ្គិភ័យនេះ គឺជាលទ្ធផលនៃការវាយប្រហារ តាមអ៊ីនធឺណេតមួយ ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិត បញ្ជាក់ពីភស្តុតាងនោះទេ។

ចំណែកមន្ត្រីនាំពាក្យអង្គការ ថាមពលអាតូមិករបស់ប្រទេសអ៊ីរ៉ង់ លោក Behrouz Kamalvandi បានមានប្រសាសន៍ប្រាប់ថា “ហេតុការណ៍នេះ អាចនឹងធ្វើឲ្យយឺតយ៉ាវដល់ ការអភិវឌ្ឍនិងផលិតកម្មម៉ាស៊ីន ទំនើបក្នុងលក្ខខណ្ឌមធ្យម ហើយប្រទេសអ៊ីរ៉ង់ នឹងផ្លាស់ប្តូរអគាររងការខូចខាតនោះ ដោយអគារដែលធំជាង មានឧបករណ៍កាន់តែទំនើបជាង” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top