បរទេស៖តុលាការកូរ៉េខាងត្បូងមួយ នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានចេញសាលក្រមថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវតែសងជម្ងឺចិត្តអតីតអ្នកទោសសង្រ្គាមកូរ៉េខាងត្បូង ដែលត្រូវការបង្ខំឲ្យធ្វើការងារជាពលករ ក្នុងខណៈពួកគេកំពុងតែជាប់ឃុំ។
លោកចៅក្រម Kim Young-ah របស់តុលាការខ័ណ្ឌកណ្ដាលរបស់ទីក្រុងសេអ៊ូល បានមានប្រសាសន៍នៅថ្ងៃអង្គារម្សិលមិញនេះថា ជនរងគ្រោះកូរ៉េខាងត្បូងពីររូប ត្រូវតែទទួលបានសំណងក្នុងមួយនាក់១៧.៥៧០ដុល្លារ ពីរដ្ឋាភិបាលក្នុងទីក្រុងព្យុងយ៉ាង នេះបើតាមការចេញផ្សាយរបស់កាសែត Seoul Pyongyang News។
គួរបញ្ជាក់ថា ដើមបណ្ដឹងពីររូប បានដាក់ពាក្យបណ្ដឹងប្តឹឹងរដ្ឋាភិបាលរបស់ប្រទេសកូរ៉េខាងជើង នៅក្នុងខែតុលា ឆ្នាំ២០១៦ ក្រោយរត់រួចចេញពីប្រទេសកុម្មុយនិស្តនោះ ហើយនៅថ្ងៃអង្គារសប្ដាហ៍នេះ ពួកគេទាំងពីរនាក់នោះ ត្រូវបានគេបង្ហាញអត្តសញ្ញាណថា មាននាមត្រកូល Noh និង Han៕ប្រែសម្រួល៖ប៉ាង កុង