បរទេស ៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានប្រកាសនៅថ្ងៃពុធ សប្ដាហ៍នេះថា កងកម្លាំងសហរដ្ឋអាមេរិក និងដៃគូនានា បានរឹបអូសទូកមួយគ្រឿង កាលពីខែមិថុនា ដែលដឹកសព្វាវុធអ៊ីរ៉ង់ ឲ្យទៅពួកឧទ្ធាម ហូធី នៅក្នុងប្រទេសយេម៉ែន ស្របពេលដែលលោកអំពាវនាវ ដល់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ឲ្យបន្តដាក់បម្រាម អាវុធលើប្រទេសអ៊ីរ៉ង់ ។
លោក Mike Pompeo បាននិយាយប្រាប់សន្និសីទកាសែត នៅក្រសួងការបរទេសមួយដូច្នេះថា “ក្រុមប្រឹក្សាសន្តិសុខ ត្រូវតែបន្តបម្រាមអាវុធលើប្រទេសអ៊ីរ៉ង់ ដើម្បីទប់ស្កាត់មិន ឲ្យមានជម្លោះថែមទៀតក្នុងតំបន់ ។ គ្មានបុគ្គលពិតប្រាកដណាមួយ អាចជឿជាក់ថា ប្រទេសអ៊ីរ៉ង់នឹងប្រើប្រាស់អាវុធដែលខ្លួនទទួលបានណាមួយ សម្រាប់ការបញ្ចប់ដោយសន្តិភាព” ។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ កំពុងតែដឹកនាំការជំរុញរបស់សហរដ្ឋអាមេរិក បញ្ចុះបញ្ចូលក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ឲ្យបន្តដាក់បម្រាមអាវុធ ដែលនឹងត្រូវផុតកំណត់ នៅពាក់កណ្ដាលខែតុលា ក្រោមលក្ខខណ្ឌកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលសហរដ្ឋអាមេរិក បានដកខ្លួនចេញ នៅក្នុងឆ្នាំ២០១៨៕
ប្រែសម្រួល៖ប៉ាង កុង