តូក្យូ៖ ទីភ្នាក់ងារឧតុនិយមជប៉ុន បានព្រមាននៅថ្ងៃព្រហស្បតិ៍ ពីហានិភ័យនៃទឹកជំនន់ និងការរអិលបាក់ដីបន្ថែមទៀត ខណៈដែលភ្លៀងធ្លាក់ខ្លាំង ដែលមិនធ្លាប់មាន ចាប់តាំងពីចុងសប្តាហ៍មុន នៅភាគនិរតី និងភាគកណ្តាលប្រទេសជប៉ុន នឹងបន្តគ្មានស្ថេរភាព បន្ទាប់ពីគ្រោះធម្មជាតិនេះ បានសម្លាប់មនុស្សយ៉ាងតិច ៦០ នាក់នៅតំបន់ Kyushu ។
យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹង ដោយយោងតាមទីភ្នាក់ងារនេះថា ព្យុះភ្លៀងរដូវវស្សា ដែលលាតសន្ធឹងពីតំបន់ Kyushu រហូតដល់តំបន់ Kanto ត្រូវបានគេរំពឹងថា នឹងនៅតែមានលទ្ធភាព អំពីការធ្លាក់ភ្លៀងខ្លាំង នៅភាគខាងលិចនិងភាគខាងកើត ប្រទេសជប៉ុន រហូតដល់យ៉ាងហោចណាស់ថ្ងៃអាទិត្យ។
ជំនន់ទឹកភ្លៀងរហូតដល់ ២៥០ មីល្លីម៉ែត្រត្រូវបានគេរំពឹងថា នឹងកើតឡើងនៅតំបន់ Kyushu និង Shikoku ក្នុងរយៈពេល ២៤ ម៉ោងដល់ម៉ោង ៦ ព្រឹកថ្ងៃសុក្រ, ១៨០ មីលីម៉ែត្រនៅតំបន់ Kinki និង ១៥០ មីលីម៉ែត្រនៅតំបន់ Kanto-Koshin និង Tokai ។
ជំនន់ទឹកភ្លៀង បានបណ្តាលឱ្យមនុស្ស ៦០ នាក់បានស្លាប់នៅក្នុងតំបន់ Kyushu ជាមួយនឹងមនុស្សម្នាក់ទៀត ត្រូវបានគេបារម្ភថាស្លាប់ ហើយយ៉ាងហោចណាស់មនុស្ស ១៣ នាក់បានបាត់ខ្លួន។
ទីភ្នាក់ងារឧតុនិយមជប៉ុន ក៏បានស្នើសុំឱ្យសាធារណជន មានការប្រុងប្រយ័ត្នខ្ពស់ ព្រោះភ្លៀងបានធ្វើឱ្យដីបាក់ និងបណ្តាលឱ្យមានទន្លេចំនួន ៥៩ រួមទាំងភូមិគូម៉ា ក្នុងខេត្ត Kumamoto ហូរហៀរ ខណៈដែលការរអិលបាក់ដី យ៉ាងហោចណាស់ ១២៣ បានកើតឡើងនៅក្នុងខេត្តចំនួន ១៨ គិតត្រឹមថ្ងៃពុធ៕
ប្រែសម្រួលៈ ណៃ តុលា