Covid-19

អភិបាលខេត្តអូគីណាវ៉ា ទាមទារឲ្យមានចំណាត់ការ ក្រោយផ្ទុះឆ្លងមេរោគកូវីដ១៩ នៅមូលដ្ឋានទ័ពអាមេរិក

បរទេស៖ អភិបាលខេត្តអូគីណាវ៉ា នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានទាមទារឲ្យមានចំណាត់ការ អាមេរិកកាន់តែខ្លាំងខ្លាឡើង ក្រោយកងកម្លាំងម៉ារីនអាមេរិកចំនួន ៦១នាក់ នៅមូលដ្ឋានយោធាចំនួនពីរកន្លែង ត្រូវបានគេរាយការណ៍ថា បានឆ្លងជម្ងឺកូវីដ១៩។

អភិបាលខេត្តអូគីណាវ៉ា លោក Denny Tamaki បានមានប្រសាសន៍ថា លោកទាមទារឲ្យមានការបង្កើន វិធានការទប់ស្កាត់ជម្ងឺកាន់តែខ្លាំង និងការបញ្ឈប់បុគ្គលិក យោធាសហរដ្ឋអាមេរិកថ្មីនៅអូគីណាវ៉ា នៅក្នុងកិច្ចសន្ទនាគ្នាមួយជាមួយ លោកឧត្តមសេនីយ៍ H. Stacy Clardy របស់កងកម្លាំងនិវេសនដ្ឋាន របស់ទ័ពម៉ារីនលេខ៣។

គួរបញ្ជាក់ថា មន្ត្រីយោធាសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា មូលដ្ឋានយោធាសហរដ្ឋអាមេរិក ទាំងពីរនៅលើកោះអូគីណាវ៉ានោះ ត្រូវបានដាក់បម្រាម គោចរកាលពីថ្ងៃសុក្រ បន្ទាប់ពីមានបុគ្គលិក ៣៨នាក់ នៅមូលដ្ឋានកងកម្លាំង អាកាសរបស់ទ័ពម៉ារីន Futenma និង២៣នាក់ នៅមូលដ្ឋាន Camp Hansen ត្រូវបានពិនិត្យរកឃើញមានរោគសញ្ញា ចាប់តាំងពីថ្ងៃទី៧ ខែកក្កដាមក ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top