ព័ត៌មានអន្តរជាតិ

ពលរដ្ឋចំនួន៦៧នាក់ កំពុងបាត់ខ្លួន ដោយសារគ្រោះទឹកជំនន់ និងហូរច្រោះល្បាប់ភក់ នៅឥណ្ឌូនេស៊ី

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ថា ក្រុមមន្ត្រីបាននិយាយថា ប្រតិបត្តិការរុករក និងជួយសង្គ្រោះ នៅតែបន្តធ្វើឡើងនៅថ្ងៃសៅរ៍នេះ ខណៈដែលគ្រោះទឹកជំនន់ និងហូរច្រោះល្បាប់ភក់ បានវាយប្រហារនៅខេត្ត South Sulawesi របស់ប្រទេសឥណ្ឌូនេស៊ី ដែលមានពលរដ្ឋ៦៧នាក់កំពុងបាត់ខ្លួន និងពលរដ្ឋជាង១៤.០០០នាក់ត្រូវបានជម្លៀសខ្លួនចេញ ។

បន្ទាប់ពីទាញយកសាកសពចំនួន៣៦នាក់ ក្រុមជួយសង្គ្រោះ បានផ្តោតសំខាន់លើកិច្ចការរបស់ពួកគេ នៅក្នុងភូមិជាច្រើន រួមមាន  ភូមិ Sabbang, Baebunta, Pontaden, Meli និង  Masamba ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ នៅក្នុងស្រុក Luwu Utara និងស្រុក Zaenal Asad  ។ មន្ត្រីមួយរូបទទួលបន្ទុកការងារនៅការិយាល័យរុករក និងជួយសង្គ្រោះខេត្ត បានបញ្ជាក់យ៉ាងដូច្នេះ ។

គាត់បានប្រាប់ដល់ស៊ិនហួ បានទូរសព័្ទថា “ល្បាប់ភក់ បានហូរច្រោះមកលើភូមិជាច្រើនដែលមានកម្ពស់រហូតដល់២ម៉ែត្រ ។ សាកសពជាច្រើនត្រូវបានរកឃើញពីល្បាប់ភក់នោះ ។ នៅតាមដងផ្លូវជាច្រើនមាន ការដួលរំលំដើមឈើ ដែលបង្កការរាំងស្ទះដល់ការងាររបស់ក្រុមជួយសង្គ្រោះ” ។

ដោយឡែក បើតាមការបញ្ជាក់របស់លោក Doni Monardo ាទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី បានឲ្យដឹងថា ពលរដ្ឋចំនួន៦៧នាក់កំពុងបាត់ខ្លួននៅឡើយទេ ហើយ៥១នាក់ផ្សេងទៀតបានរងរបួស ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top